ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនផ្តល់ដ្រូន និងឧបករណ៍វាស់ស្ទង់បាតទន្លេ ដល់កម្ពុជាប្រើប្រាស់ក្នុងវិស័យធនធានទឹក

ភ្នំពេញ៖ ក្រុមហ៊ុនចិន Guang Dong បានផ្តល់ដ្រូន និងឧបករណ៍វាស់ស្ទង់បាតទន្លេ ដល់ក្រសួងធនធានទឹក និងឧតុនិយមសម្រាប់ប្រើប្រាស់ក្នុងវិស័យធនធានទឹក។ ពិធីប្រគល់ និងទទួលធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី បានលើកឡើងថា ជំនួយនេះនឹងបម្រើឱ្យវិស័យធនធានទឹក និងបង្កើនចំណេះជំនាញបន្ថែមទៀតដល់មន្ត្រីរបស់ក្រសួង បណ្តាមន្ទីររាជធានី ខេត្ត អំពីការប្រើប្រាស់ដ្រូនសម្រាប់ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាសដែលជាបច្ចេកវិទ្យាទំនើបងាយស្រួលក្នុងការវាស់ស្ទង់ ក៏ដូចជាការកំណត់ព្រំអាងទឹក ហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹក បង្កើតបានជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់លាស់ជាមួយនឹងខ្សែកម្រិតកម្ពស់ដី ជាពិសេសអាចហោះមើល ទីតាំងមួយចំនួនដែលពិបាកក្នុងការធ្វើដំណើរទៅដល់។

រដ្ឋមន្ត្រីបន្តថា តាមរយៈជំនួយនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបរិបទថ្មីនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោករដ្ឋមន្ត្រីបានរម្លឹកទៅអតីតកាលមិនទាន់មានដ្រូន និងឧបករណ៍បច្ចេកវិទ្យាទំនើបនេះ មន្រ្តីបច្ចេកទេសក្រសួង និងបណ្តាមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង២៥ ត្រូវកាន់ឧបករណ៍ក្តារម៉ែត្រចុះទៅវាស់វែងជាក់ស្តែងដោយដៃផ្ទាល់ ហើយពេលខ្លះមធ្យោបាយ ធ្វើដំណើរមិនអាចចូលទៅដល់ត្រូវធ្វើដំណើរថ្មើរជើងក្នុងចម្ងាយឆ្ងាយ និងចំណាយពេលវេលាយូរក្នុងការប្រមូលទិន្នន័យ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យធនធានទឹកនឹងជួយបង្កើននូវសមត្ថភាពមន្ត្រីជំនាញបន្ថែមទៀត ក្នុងការជួយគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការងារទន្លេ តាមរយ:ឧបករណ៍ទំនើបដែលបានចែកជូននេះ ខណៈឧបករណ៍នេះនឹងអាចផលិតជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់ និងចំណេញពេលវេលា។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងដល់ក្រុមហ៊ុនចិន Guang Dong និងជឿជាក់ថា ឧបករណ៍ និងចំណេះដឹងដែលទទួលបាននាពេលនេះនឹងបានជួយបង្កើននូវប្រសិទ្ធភាពការងារ ជាមួយនឹងការអនុវត្តឱ្យបានត្រឹមត្រូវ និងចំគោលដៅ ដើម្បីបម្រើផលប្រយោជន៍ឱ្យវិស័យធនធានទឹក ដែលក្រសួងបានដាក់ជូន កាន់តែមានភាពរីកចម្រើន និងទទួលបានប្រសិទ្ធផលខ្ពស់បន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក