សហរដ្ឋអាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានព្រមានពីការកាត់បន្ថយបុគ្គលិកជាច្រើនបន្ថែមទៀត ខណៈ Google គ្រោងនឹងផ្តោតទៅលើការងារថ្មីៗជាអាទិភាពផ្សេងទៀត រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial intelligence) ជាដើម។ លោកបានបញ្ជាក់ក្នុងសារអេឡិចត្រូនិច (E mail) ថា គម្រោងនៃការបញ្ឈប់មុខតំណែង និងតួនាទីទាំងអស់ មិនស្ថិតក្នុងផែនការកាត់បន្ថយកាលពីឆ្នាំមុនឡើយ។ លោកទទួលស្គាល់ថា វាពិតជាមានការលំបាកដែលឃើញបុគ្គលិក និងក្រុមការងារទាំងអស់ត្រូវទទួលរងផលប៉ះពាល់។
សេចក្ដីប្រកាសនេះបានធ្វើឡើង ក្រោយពេលដែល YouTube ទើបតែបានប្រកាសបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ១០០នាក់។ កាសែត New York Times ឱ្យដឹងថា បុគ្គលិក YouTube មានពេលពីរខែដើម្បីស្វែងរកតួនាទីថ្មីនៅក្នុងក្រុមហ៊ុន មុនពេលការបញ្ឈប់នេះត្រូវចូលជាធរមាន និងត្រូវអនុវត្ត។ គួរឱ្យដឹងថា ក្រុមហ៊ុន Google បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ១២,០០០នាក់កាលពីឆ្នាំមុន ដែលមានទំហំប្រហែលជា ៦ភាគរយនៃចំនួនបុគ្គលិកសរុប។
កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុនក៏បានបញ្ជាក់ពីផែនការកាត់បន្ថយបុគ្គលិកប៉ុន្មានរយកន្លែងបន្ថែមទៀត ពីក្រុមការងារផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងពេលដែលបច្ចេកវិទ្យា AI កំពុងប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព និងភាពច្នៃប្រឌិតខ្ពស់់។
ចាប់តាំងពីដើមឆ្នាំ២០២៤ មក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon ក៏បានកាត់បន្ថយបុគ្គលិករបស់ខ្លួនផងដែរ ជាពិសេសគឺការកាត់បន្ថយបុគ្គលិករាប់រយនាក់នៅផ្នែកសេវាកម្មកម្សាន្តរបស់ខ្លួនដូច Twitch, Prime Video និង Amazon MGM Studios ជាដើម។ ចាប់តាំងពីចុងឆ្នាំ២០២២ មក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកជាច្រើន បានបណ្តេញបុគ្គលិករាប់ម៉ឺននាក់ចេញពីការងាររបស់ខ្លួន ដោយបានអះអាងពីហេតុផលនៃចំនួនបុគ្គលិកមានច្រើនលើសពីតម្រូវការ ព្រមទាំងការបញ្ឈប់បុគ្គលិកដោយសារផលប៉ះពាល់បណ្ដាលមកពីការរីករាលដាលនៃវីរុសកូវីដ-១៩។
ជាក់ស្ដែង ក្រុមហ៊ុន Meta បានបញ្ឈប់បុគ្គលិករបស់ខ្លួនប្រមាណជា ២០,០០០នាក់ ខណៈ Amazon បានបញ្ឈប់បុគ្គលិករបស់ខ្លួនជាង ២៧,០០០នាក់៕