ព្រះសីហនុ៖ ចាប់ពីខែមេសា ឆ្នាំ២០២៤នេះតទៅ រដ្ឋបាលខេត្តព្រះសីហនុនឹងដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុងសាធារណៈសម្រាប់ពលរដ្ឋរស់នៅទីក្រុងព្រះសីហនុ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានAKP។
លោក គួច ចំរើន នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររថយន្តក្រុងដឹកជញ្ជូនសាធារណៈ។ បើតាមលោក គួច ចំរើន រាជរដ្ឋាភិបាលបានបែងចែករថយន្តក្រុងសាធារណៈមកឱ្យខេត្តព្រះសីហនុចំនួន៦០គ្រឿង ដោយបច្ចុប្បន្នខេត្តទទួលបានរថយន្តក្រុងចំនួន៣៥គ្រឿង។
លោកអភិបាលបញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំចំណតរថយន្តក្រុងចំនួន២៦ ដោយរថយន្តរត់ចំនួន៣ខ្សែវិលជុំ និងឈានបន្តពង្រីកខ្សែផ្លូវបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រពីមហាជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក គួច ចំរើន បាននិយាយថា ការដាក់ឱ្យដំណើររថយន្តក្រុងនេះ នឹងធ្វើឱ្យទីក្រុងកាន់តែស៊ីវិល័យទំនើប ស្របតាមការអភិវឌ្ឍតាមបែបឌីជីថលនាពេលបច្ចុប្បន្ន។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលអំណោយជាប្រភេទរថយន្តក្រុងពីក្រុមហ៊ុនកូរ៉េ Booyoung Group ចំនួន១០០០គ្រឿង ដោយបែងចែកជា៣ដំណាក់កាល នៅឆ្នាំ២០២៣ ទទួលបាន៤០០គ្រឿង ឆ្នាំ២០២៤ចំនួន៣០០គ្រឿង និងឆ្នាំ២០២៥ ចំនួន៣០០គ្រឿង៕