បារាំង៖ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ដែលជាក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក បានលើកឡើងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក Rodolphe SaaDé បានថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង១៦០ នៅទូទាំងពិភពលោក។
លោក Rodolphe SaaDé ក៏បានលើកឡើងដែលថា ក្រុមហ៊ុនក៏មានកប៉ាល់សម្រាប់ដឹកជញ្ជូនប្រមាណ៦២៣ និងយន្តហោះដឹកទំនិញចំនួន៦ ផងដែរ។
សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក សេវាឡូជីស្ទីក (end-to-end logistics) សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែម នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការធានានូវបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់៕