ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងការបរទេសចិន និងអាជ្ញាធរមីនកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ លើកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ អាជ្ញាធរមីន និងក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងពិធីប្រគល់សម្ភារដែលជំនួយសប្បុរសពីសាធារណរដ្ឋប្រជាមានិតចិន កិច្ចសហប្រតិបត្តិការសម្អាតមីននៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់ និងពិធីប្រគល់សម្ភារនេះមានការចូលរួមពី អនុប្រធានទី១ អាជ្ញាធរមីន លោកលី ធុជ និងអគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងអាវុធ ក្រសួងការបរ ទេស សាធារណរដ្ឋប្រជាមានិតចិន លោក MA Shengkun ព្រមទាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លោក Wang Wentian នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក លី ធុជ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់ រវាងអាជ្ញាធរមីន និងក្រសួងការបរទេសចិន ពិតជាបាន រួមចំណែក និងមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពមីននៅកម្ពុជា ស្របតាមចក្ខុវិស័យ និងការតាំងចិត្តខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកាត់បន្ថយហានិភ័យនានាដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមសហគមន៍ សង្គ្រោះជីវិតប្រជាជន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបានគូសបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាន នូវសមិទ្ធផលទាំងនេះ ដោយចាប់ពីឆ្នាំ២០១៨ ប្រទេសចិន បានផ្ដល់ហរិញ្ញប្បទានឥត សំណងចំនួន ១៤,៤លានដុល្លារអាមេរិក និងបានធ្វើការបោសសម្អាតមីន និងគ្រាប់ ក្នុងទំហំផ្ទៃដីជាង ១០៧គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចចោលមីន និងគ្រាប់ចំនួន ៧៧ ៩៥៤គ្រាប់ ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ ប្រជាពលរដ្ឋប្រមាណជា ១,៥លាននាក់។

អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ ថ្លែងថា៖ «តាមរយៈការចូលរួមចំណែកពីមហាមិត្តចិន យើងខ្ញុំសង្ឃឹមថា កម្ពុជា នឹងទទួលបានជោគជ័យ ក្នុង ការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែល គ្មានមិនឆ្នាំ២០២៥ ក្នុងនោះ អាជ្ញាធរមីន គឺជាសេនាធិការតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល សកម្មភាពមីននៅទូទាំងប្រទេស»។

ក្នុងឱកាសនោះ លោក MA Shengkun បានលើកឡើងថា ក្រោមការដឹកនាំដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំវិជ្ជមានរបស់អាជ្ញាធរមីនកម្ពុជា សកម្មភាព និងការសង្គ្រោះជនមានពិការភាពដោយសារគ្រាប់មីន នៅកម្ពុជាបានទទួលសមិទ្ធផងយ៉ាងធំធេង។

លោកបានឱ្យដឹងទៀតថា ក្នុងនាមជាមិត្តដែកថែបកម្ពុជា-ចិន តាំងពីឆ្នាំ១៩៩៩ ភាគីចិនបានផ្តល់ការគាំទ្រដល់ភាគីកម្ពុជាលើវិស័យសម្អាតមីន តាមវិធានការរៀបចំវគ្គបណ្តុះបណ្តាល ផ្តល់ជំនួយថវិកា សម្ភារ ព្រមទាំងបានបញ្ចូនអ្នកជំនាញមកបង្រៀនពាក់ព័ន្ធសកម្មភាពមីននេះផងដែរ ខណៈក្នុងថ្ងៃនេះភាគីចិនបានបន្តផ្តល់សម្ភារជំនួយដល់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ លើកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ដែលជាវិធានការជាក់ស្តែងដល់កម្ពុជា ដើម្បីសម្រេចបានកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ក៏ជាវិធានការជាក់ស្តែងដែលចិនអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល។

គួរឱ្យដឹងដែរថា ក្នុងពិធីនេះផងដែរ ក្រសួងការបរទេសចិន បានប្រគល់នូវសម្ភារមួយចំនួន ដល់មក អាជ្ញាធរមីន ដើម្បីចាត់ចែង និងបម្រើក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន តង់ចំនួន ៣០០គ្រឿង ម៉ាស៊ីនរាវមីន ចំនួន ៩០គ្រឿង សម្ភារៈដោះមីន ចំនួន ៩០គ្រឿង សម្ភារៈសុវត្ថិភាពដោះមីន ចំនួន ៩០កំប្លេរ កុំព្យូទ័រយួរដៃចំនួន ២០គ្រឿង និង Tablet ចំនួន ២០គ្រឿង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក