ភ្នំពេញ៖ សុខមាលភាពរបស់ប្រជាពលរដ្ឋនិងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា-ឡាវ បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រធានរដ្ឋសភាកម្ពុជាសម្តេចចក្រី ហេង សំរិន និង លោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
បើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងណាក្តី កម្ពុជានិងឡាវនៅតែមានចំណងមិត្តភាពយ៉ាងរឹងមាំក្នុងការបន្តអនុវត្តនូវអនុស្សរណៈយោគយល់ ដែលថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ និងបានធានាឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាពខ្ពស់។
ប្រធានរដ្ឋសភាកម្ពុជាសម្តេចចក្រី ហេង សំរិន បានលើកឡើងអំពីស្ថានភាពនិងយុទ្ធនាការផ្តល់វ៉ាក់សំាងជូនពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ ទំាងសម្រាប់មនុស្សពេញវ័យ និងកុមារ ដែលមានអាយុពី១២ ដល់១៧ឆ្នាំ សម្រេចបានលទ្ធផលបានជិត១០លាននាក់ តាមផែនការដែលកម្ពុជាគ្រោងទុកនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខដែលអាចនាំឱ្យសង្គមជាតិវិលទៅភាពប្រក្រតីវិញ ហើយអាចស្តារស្ថានភាពសេដ្ឋកិច្ច ធានាជីវភាពពលរដ្ឋ សកម្មភាពពាណិជ្ជកម្មតាមរយៈការទម្លាក់មូលនិធិសង្គមជាបន្តបន្ទាប់ ដែលកម្ពុជាបានចំណាយទឹកប្រាក់ពី ៧១៩លានដុល្លារ កើនដល់ជាង ១,៤៥០លានដុល្លារ។
នៅឆ្នាំ២០២២ខាងមុខនេះ មានការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនូវកំណើន ៤.៨% ខណៈឆ្នាំ២០២១ រំពឹងថានឹងមានកំណើនឡើងវិញក្នុងអត្រា ៤% ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងវត្តមានវីរុសបំប្លែងថ្មី កំណើននេះអាចនឹងថយមកត្រឹម ២.៤%។ នេះបើតាមការបញ្ជាក់ពីសម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
លោក សាយ សំភូន ភូមវិហាន បានលើកឡើងអំពីសេដ្ឋកិច្ចប្រទេសឡាវដែលនៅតែបន្តមានកំណើនជាវិជ្ជមាន បើទោះជាប្រទេសនេះកំពុងប្រឈមជាមួយនឹងរលកទី២នៃជម្ងឺកូវីដ-១៩ និងគ្រោះធម្មជាតិក៏ដោយ៕