ត្បូងឃ្មុំ៖ ក្រសួងរ៉ែ និងថាមពល បានបើកយុទ្ធនាការបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសលួចលាក់ខុសច្បាប់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ចំនួន៣ទីតាំងបន្ថែមទៀត កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
តាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល បន្ទាប់ពីបើកយុទ្ធនាការបង្រ្កាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មក អាជ្ញាធរបានចុះទៅណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យទាំងនោះ អំពីនីតិវិធី ច្បាប់និងផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន។ ក្រោយពីទទួលបានការណែនាំ ម្ចាស់ទីតាំង ទាំងអស់បានស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសខុសច្បាប់របស់ខ្លួន។
ក្រសួងរ៉ែនិងថាមពល នឹងបន្តប្ដេជ្ញាបញ្ចប់នូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ និង ជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភព ចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួម ចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រ និងការការពារពីច្បាប់។
ក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមសហការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យ មកក្រសួងរ៉ែ និងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧ ដើម្បីក្រសួងមានលទ្ធភាពចាត់វិធានការទាន់ពេល។
ការចុះបង្រ្កាបទីតាំងរុករករ៉ែមាសអនាធិតេយ្យខាងលើនេះ ដោយក្រសួងសង្កេតឃើញថា អាជីវកម្មធ្វើរ៉ែមាសបច្ចុប្បន្នគឺប្រែមកជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ខុសពីការធ្វើអាជីវកម្មដោយដៃ និងសាមញ្ញអំឡុងឆ្នាំ១៩៩០ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត បរិស្ថាន និងសុខភាព៕