សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

អាជ្ញាធរជាតិអប្សរាអំពាវនាវដល់អ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរ ចូលរួមរក្សាសណ្ដាប់ធ្នាប់ចតយានយន្តនៅក្នុងចំណតត្រឹមត្រូវ

សៀមរាប៖ ភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សង្កេតឃើញថា បច្ចុប្បន្ននេះ អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះមិនព្រមចូលទៅចតយានយន្តតាមការណែនាំឱ្យបានត្រឹមត្រូវ បែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុសកន្លែងជាដើម ខណៈបញ្ហានេះ ធ្វើឱ្យមានគំរូអាក្រក់ និងធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ និងអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្ន បើទោះបីជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែ អ្នកបើករថយន្តជាពិសេស គឺរ៉ឺម៉កដឹកភ្ញៀវខ្លះ នៅតែមិនព្រមសហការជាមួយអាជ្ញាធរក្នុងការជួយរក្សាសណ្ដាប់ធ្នាប់សារធារណៈនៅឡើយទេ។

កញ្ញាបានឱ្យដឹងទៀតថា ក្រុមអ្នកបើករ៉ឺម៉កខ្លះ នៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀត បានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។

កញ្ញា នៅ ចិន្តា បានថ្លែងឱ្យដឹងទៀតថា បញ្ហាមួយចំនួនទៀត គឺមានអ្នកលក់អីវ៉ាន់នៅក្នុងចំណតរថយន្តខ្លះតែងតែទៅចោមរោមភ្ញៀវ និងបង្ខំឱ្យទិញសម្ភាររបស់ខ្លួន ប៉ុន្តែ នៅពេលដែលភ្ញៀវមិនទិញគឺបានប្រើពាក្យសម្តីមិនសមរម្យដាក់ភ្ញៀវថែមទៀតផង ខណៈបញ្ហានេះ គឺជាទង្វើគ្មានសុជីវធម៌ដែលធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិមិនសប្បាយចិត្ត។

អាជ្ញាធរជាតិអប្សរា បានសំណូមពរដល់ក្រុមអ្នកបើកបររយានយន្ត ឬរ៉ឺម៉កដឹកភ្ញៀវទេសចរទាំងឡាយដែលមិនទាន់បានគោរពតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវទាំងអស់ ឱ្យយោគយល់ និងសហការជាមួយបុគ្គលិកដែលប្រចាំការនៅទីនោះ ធ្វើយ៉ាងណាចតយានយន្តនៅក្នុងចំណតឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ ដើម្បីរួមគ្នារក្សាសណ្ដាប់ធ្នាប់សាធារណៈឱ្យបានប្រសើរ ព្រមទាំងជាការជួយលើកតម្លៃនៃជនជាតិខ្មែរ ព្រមទាំងអង្គររបស់ខ្មែរឱ្យបានស័ក្ដិសមសម្បត្តិបេតិកភណ្ឌ ដែលល្បីល្បាញបំផុតនៅក្នុងពិភពលោកនេះផង។

ទន្ទឹមនោះ អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យ ភ្ញៀវទេសចរជាតិទាំងអស់ ដែលបាននាំគ្រួសារមកលេងអង្គរ មាននំចំណីអាហារយកមកទទួលទាននៅតាមតំបន់ឧទ្យានអង្គរ ជួយរក្សាបរិស្ថានឱ្យបានស្អាត ដោយពិសាររួចហើយត្រូវបោះសំរាម ឬក៏ថង់ប្លាស្ទិកចោលរាយប៉ាយនៅតាមទីសាធារណៈ និងឧទ្យានអង្គរ និងរួមគ្នាសម្អាតបរិស្ថានដើម្បីភាពស្រស់បំព្រងនៃសម្រស់អង្គរ ព្រមទាំងមោទនភាពនៃជាតិខ្មែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក