ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចធិបតី និងរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលនៃប្រទេសជប៉ុន ពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល

ស្វីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលនៃប្រទេសជប៉ុន បានជម្រាបជូនសម្ដេចធិបតីថា ក្នុងយុគសម័យឌីជីថល ទិន្នន័យពិតជាមានសារៈសំខាន់ និងបានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានរៀបចំគំនិតផ្ដួចផ្ដើមស្ដីពីទិន្នន័យអង្គការOECD ដែលគ្របដណ្ដប់លើវិស័យជាច្រើន និងអាចប្រើប្រាស់សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងដើម្បីជំរុញ និងលើកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន និងសហការី និងបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

ជាការឆ្លើយតប សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីអំពីសារៈសំខាន់នៃទិន្នន័យឌីជីថលសម្រាប់ការកសាងក្របខ័ណ្ឌគោលនយោបាយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទិន្នន័យនេះជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ដែលជួយឱ្យធ្វើការសម្រេចបានត្រឹមត្រូវ។

សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមអំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបាននិងកំពុងដាក់ឱ្យប្រើប្រាស់តាមរយៈប្រព័ន្ធទូទាត់អនឡាញ ឆ្លងដែន ដើម្បីសម្រួលដល់វិនិយោគិន ពាណិជ្ជករ និងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម។

សម្ដេចធិបតី ក៏បានរំឭកពីដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលក្នុងដំណើរទស្សនកិច្ចនោះ កម្ពុជា-ជប៉ុនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៧ ដែលក្នុងនោះ មានឯកសារមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណាក់កាលស្វែងរកសន្ដិភាព រហូតដល់កម្ពុជាមានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក