ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រការបណ្តុះបណ្តាលជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។
លោក ហេង សួរ សម្តែងការគាំទ្រនេះ ក្នុងជំនួបសម្តែងការគួរសមរវាងជាមួយ លោក ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាទី១៦ ខែមករា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារៈសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។
ទន្ទឹមនឹងនេះ ប្រធានសមាគម បានថ្លែងអំណរគុណដល់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការចង់ឱ្យមាន ការបណ្តុះបណ្តាលជំនាញបច្ចេកទេសកែច្នៃត្បូង និងគ្រឿងអលង្ការនេះ។
ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសដៃគូលើគ្រឿងអលង្ការមានតម្លៃនេះ មានទំហំដល់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕