ស្វីស៖ ក្នុងឱកាសចូលពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងដាវ៉ូស ប្រទេសស្វីសកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោកស្រី Samantha Power បានបញ្ជាក់ថា USAID នឹងបន្តផ្តល់ជំនួយលើវិស័យអប់រំ និងបរិស្ថាននៅកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសនៃជំនួបនេះ លោកស្រីប្រធានទីភ្នាក់ងារ USAID បានជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូច តាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខារសិក្សានៅតាមសាលារៀនសម្រាប់កុមារតូច។
លោកស្រីក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាព របស់ទារក និងកុមារតូចក្រោមអាយុ ៥ឆ្នាំ ផងដែរ។ ជាមួយគ្នានេះលោកស្រីបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAID នៅកម្ពុជា នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់ USAID ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបន្តផ្តល់ជំនួយចំនួន ១៨លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា ក្នុងពេលសម្តេចធិបតីបានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Victoria Nuland អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នាឱកាសអញ្ជើញបំពេញទស្សនកិច្ចទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូយ៉ក៕