លុយយ័នចិនយកឈ្នះលុយដុល្លារអាមេរិក ក្លាយជារូបិយប័ណ្ណជួញដូរច្រើនបំផុតនៅទីក្រុងមូស្គូក្នុងឆ្នាំ២០២៣
រុស្សី៖ នៅក្នុងឆ្នាំ២០២៣នេះ ទំហំនៃការជួញដូរជារូបិយបណ្ណប្រាក់យ័នរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានឈានឡើងលើសពីការជួញដូរជាប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់កាសែត Kommersant ខណៈដែលទីក្រុងម៉ូស្គូបន្តយុទ្ធសាស្រ្តកាត់បន្ថយការចាយវាយពាណិជ្ជកម្មរបស់ខ្លួនជាប្រាក់ដុល្លាអាមេរិក ក្នុងពេលដែលខ្លួនកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចរបស់ខ្លួនពីបណ្ដាប្រទេសលោកខាងលិច។
ទីក្រុងមូស្គូកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើទីក្រុងប៉េកាំង និងភាពជាដៃគូ "គ្មានដែនកំណត់" រវាងប្រទេសទាំងពីរ ដោយបានបង្កើនការផ្គត់ផ្គង់ថាមពលដល់ប្រទេសចិន និងបង្កើនការទិញទំនិញរបស់ចិនជាច្រើនប្រភេទរាប់ចាប់តាំងពីរថយន្ត រហូតដល់ទូរសព្ទដៃស្មាតហ្វូន ខណៈដែលម៉ាកយីហោធំៗ និងល្បីៗរបស់អឺរ៉ុប និងសហរដ្ឋអាមេរិកបានចាកចេញពីទីផ្សាររបស់រុស្ស៊ី ក្រោយវិបត្តិសង្គ្រាមជាមួយអ៊ុយក្រែនបានកើតឡើង។
ការជួញដូរប្រាក់យ័នមានទំហំជិត ៤២ភាគរយនៃរូបិយប័ណ្ណបរទេសទាំងអស់ដែលត្រូវបានជួញដូរនៅលើ Moscow Exchange នៅឆ្នាំ២០២៣ ដែលច្រើនជាងបីដង ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ ៣៤.១៥ពាន់ពាន់លានរូបល្ល (៣៩១.៥ពាន់លានដុល្លារអាមេរិក) ដោយផ្អែកតាមរបាយការណ៍របស់កាសែត Kommersant ដកស្រង់ទិន្នន័យចេញពី Moscow Exchange ។ ដោយឡែក ទំហំជួញដូរជាប្រាក់ដុល្លារឈរនៅក្នុងកម្រិត ៣៩.៥ភាគរយជាមួយនឹងចំនួន ៣២៤៩ពាន់ពាន់លានរូបល្ល ដែលធ្លាក់ចុះពីទំហំជួញដូរប្រមាណ ៤៩.៩០ពាន់ពាន់លានរូបល្លក្នុងឆ្នាំ២០២២ កន្លងទៅ។
គួរឱ្យដឹងថា ការប្រើប្រាស់ប្រាក់យ័នរបស់ចិនដើម្បីទិញទំនិញរបស់រុស្ស៊ីមានការកើនឡើងយ៉ាងខ្លាំង។ ទិន្នន័យគយរបស់ចិនបានបង្ហាញកាលពីសប្តាហ៍មុនថា ពាណិជ្ជកម្មទ្វេភាគីរបស់ចិនជាមួយរុស្ស៊ីក្នុងឆ្នាំ២០២៣ បានកើនឡើងដល់ ២៤០ពាន់លានដុល្លារ ពោលគឺកើនឡើងចំនួន ២៦.៣ភាគរយ បើធៀបនឹងឆ្នាំមុន។ មិនត្រឹមតែការជួញដូរជាប្រាក់យ័នប៉ុណ្ណោះទេដែលកំពុងមានសន្ទុះកើនឡើងនៅក្នុងប្រទេសរុស្សី ដោយឡែករូបិយបណ្ណឌីរហាមរបស់អារ៉ាប់រួម ព្រមទាំងរូបិយបណ្ណរូពីរបស់ឥណ្ឌា ក៏កំពុងមានការកើនឡើងយ៉ាងខ្លាំងផងដែរ បើទោះបីជាការជួញដូររូបិយប័ណ្ណទាំងនោះមិនទាន់ត្រូវបានចាប់ផ្តើមជាផ្លូវការក៏ដោយ៕