ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យរៀបចំទស្សនកិច្ចក្នុងពន្ធនាគារ ជាមួយអង្គការជាតិ-អន្តរជាតិ ដើម្បីស្វែងយល់កាន់តែច្បាស់ពីស្ថានភាពពិត

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដើម្បីឈានទៅរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីស្ថានភាពទូទៅនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

លោក ស សុខា ថ្លែងដូចនេះ ក្នុងឱកាសចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយលោកបានគូសបញ្ជាក់ថា ស្ថានភាពពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅកម្ពុជា ថ្វីដ្បិតផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតខ្លះ ក៏ប៉ុន្តែជារួម ការគ្រប់គ្រង ការស្ដារនីតិសម្បទា ការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាដើម បានប្រព្រឹត្តិទៅយ៉ាងល្អ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃគូសបញ្ជាក់ថា ការសហការរៀបចំទស្សនកិច្ចនៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាការផ្ដល់ឱកាសជូនភាគីពាក់ព័ន្ធ ជាពិសេសអង្គការជាតិ និងអន្តរជាតិ បានមើលឃើញដោយផ្ទាល់ភ្នែក និងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពពិត ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ ក្នុងការអនុវត្តវិធានការសន្តិសុខ ក៏ដូចជាលើកស្ទួយសិទ្ធិជនជាប់ឃុំ តាមច្បាប់កំណត់ ជាអាទិ៍សិទ្ធិទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សិទ្ធិសុខភាព ជំនឿសាសនា និងការផ្គត់ផ្គង់របបអាហារជាដើម។

លោក ស សុខា ក៏ផ្ដល់អនុសាសន៍ឱ្យរៀបចំទស្សនកិច្ចដូចគ្នានេះជាមួយគ្រឹះស្ថានរដ្ឋ និងឯកជនផងដែរ ប្រសិនបើធ្វើបានយ៉ាងហោចណាស់ ១ដង ក្នុងមួយឆ្នាំ។

លោកថ្លែងថា៖«យើងអាចរៀបចំក្នុងទម្រង់សមល្មមមួយ ដើម្បីដាស់សតិអារម្មណ៍ឱ្យសិស្ស-និស្សិត បានឃើញ និងដឹងកាន់តែច្បាស់ថា តើអ្វីទៅជាពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ដឹងពីផលនៃការប្រព្រឹត្តិអំពើខុសច្បាប់ ហើយចូលរួមផ្សព្វផ្សាយទៅកាន់មិត្តភក្ដិ និងសហគមន៍»។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានអញ្ជើញត្រួតពិនិត្យទីតាំងសំខាន់ៗ រួមមានអគារឃុំខ្លួន អគារបណ្ដុះបណ្ដាលអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ រោងចំអិនម្ហូបអារហារ អគារពិនិត្យនិងព្យាបាលសុខភាព កន្លែងធ្វើលំហាត់ប្រាណ កន្លែងប្រតិបត្តិសាសនាព្រះពុទ្ធ ឥស្លាម និងគ្រិស្តសាសនា និងបានចូលរួមបរិច្ចាគឈាមផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក