ម្តាយជនបង្កបើករថយន្តJeepបុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក ប្តឹងភរិយា និងសាច់ញាតិជនរងគ្រោះពីបទបរិហាកេរ្តិ៍ជាសាធារណៈ
ភ្នំពេញ៖ ម្តាយរបស់ជនបង្កដែលបើករថយន្ត Jeep បុកបុរសម្នាក់ដែលជាកីឡាករវាយសីជម្រើសជាតិស្លាប់ក្នុងខណ្ឌទួលគោកនោះ បានដាក់ពាក្យប្តឹងភរិយាសព និងសាច់ញាតិជនរងគ្រោះសរុប ៤នាក់ ពីបទ «បរិហាកេរ្តិ៍ជាសាធារណាៈ» ដោយមានតំណាងអយ្យការចេញដីកាកោះទៀតផង។
នៅក្នុងដីកាកោះដែលចេញដោយ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ម៉េងស្រ៊ុន ដោយដើមបណ្ដឹងឈ្មោះ សុខ លីណា ត្រូវម្ដាយជនបង្ក បានប្ដឹងទៅភរិយា និងសាច់ញាតិរបស់ជនរងគ្រោះ ពីបទល្មើស ចំនួន៣៖ ១. បទបរិហារកេរ្តិ៍ជាសាធារណៈ ២. បទបរិហារកេរ្តិ៍តាមសារព័ត៌មាន និង ៣. បទជេរប្រមាថជាសាធារណៈ
ភរិយា និងសាច់ញាតិរបស់ជនរងគ្រោះ ដែលរងពាក្យបណ្តឹងទាំង ៤នាក់ រួមមាន ឈ្មោះ គ្រុយ ឈិញលាំង (ប្រពន្ធជនរងគ្រោះ) ឈ្មោះ សំរិទ្ធ សារុន (ឪពុកធំជនរងគ្រោះ) ឈ្មោះ សៀង មួយអេង (ប្អូនស្រីបង្កើតជនរងគ្រោះ) ឈ្មោះ សៀង សេរីរដ្ឋា (ប្អូនស្រីបង្កើតជនរងគ្រោះ)។
បន្ទាប់ពីដីកាកោះខាងលើត្រូវបានចែកចាយនៅលើបណ្តាញសង្គមត្រូវបានមហាជនរិះគន់ទៅដើមបណ្តឹងជាច្រើន ខណៈភរិយាសពបានបង្ហោះសារលើបណ្តាញសង្គមថា គ្រួសារខ្លួនដែលជាជនរងគ្រោះព្យាយាមស្ងប់ស្ងាត់ចាំការកោះហៅក្នុងការចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ តែមិនមានការ ដោះស្រាយរឿងបុកប្តីខ្លួនស្លាប់ ដើម្បីគ្រួសារសាច់ញាតិបានស្ងប់ចិត្ត បែរជាមកប្តឹងទៅវិញ។
ភរិយារបស់សពក៏បានបង្ហោះសារដោយឡែកមួយទៀតថា៖ «ពី “ជនរងគ្រោះ” ក្លាយទៅជា “ជនសង្ស័យ” ឃើញដីការកោះហៅ ខ្ញុំហួសចិត្តមិនដឹងនិយាយយ៉ាងណាឱ្យសម! ជនបង្កប្តឹង គ្រួសារជនរងគ្រោះដែលព្យាយាមស្ងប់ស្ងាត់ចាំការកោះហៅក្នុងការចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់? ហេតុអ្វីមិនដោះស្រាយរឿងបុកប្តីខ្ញុំស្លាប់ ដើម្បីឱ្យខ្ញុំ និងកូនព្រមទាំងគ្រួសារសាច់ញាតិបានស្ងប់ចិត្ត បែរជាមកប្តឹងខ្ញុំជាប្រពន្ធ ព្រមទាំងឪពុកធំរបស់ប្តីខ្ញុំ និងប្អូនថ្លៃខ្ញុំ ២នាក់ទៀត ដែលជាប្អូនស្រីបង្កើតរបស់ប្តីខ្ញុំ? ក្រុមគ្រួសារយើងបានសំងំស្ងប់ រង់ចាំការដោះស្រាយតាមផ្លូវតុលាការ និងរង់ចាំមើលឆន្ទៈរបស់អ្នក តែអ្នកបែរជាធ្វើបែបនេះ?»។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក Jeep Overland ពាក់ផ្លាកលេខ 2CB-៩៩៦៣ ប៉ះជាមួយម៉ូតូមួយគ្រឿង ក្នុងភូមិសាស្រ្ត សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បង្កឱ្យជនរងគ្រោះឈ្មោះ សៀង គីមហុង ភេទប្រុស ជាអ្នកបើកបរម៉ូតូបាត់បង់ជីវិតនៅកន្លែងកើតហេតុ៕