ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្រេចលុបឈ្មោះ នាយទាហានចំនួន២រូបចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារជាប់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ នេះបើតាមសេចក្តីប្រកាសសម្រេចដែលចុះនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្តីសម្រេចនោះបានបញ្ជាក់ឱ្យដឹងថា នាយទាហាន ២រូបដែលត្រូវបណ្តេញចេញពីក្របខណ្ឌ នោះមាន វេរនារីត្រី គ្រី ដារ៉ា ជាមេបញ្ជាការរង កងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក និងវេសេនីយ៍ត្រី រ៉េន ស៊ីណាត មេបញ្ជាការង មូលដ្ឋានកងរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
កាលពីថ្មីៗនេះ មន្ត្រីនៅក្រោមឱវាទក្រសួងមហាផ្ទៃជាច្រើន ក៏ត្រូវបានដកចេញពីក្របខណ្ឌផងដែរក្រោមហេតុផលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញឿន។ ទន្ទឹមនេះក៏មានមន្ត្រីមួយចំនួនទៀតត្រូវបានដកតំណែង បន្ថយតំណែងផងដែរ ដោយសារល្មើសវិនិយកងកម្លាំងនគរបាលជាតិ។
ជាមួយគ្នានេះអភិបាលក្រុងកែប លោក ខេង យ័ន ក៏ត្រូវបានរាជរដ្ឋាភិបាលដកតំណែងផងដែរដោយសារការប្រើអំណាចរបស់ខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយតុលាការបានសម្រេចឃុំខ្លួនលើបទ រំលោភអំណាច និងបទសម្អាតប្រាក់៕