ចិនបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ
ភ្នំពេញ៖ ប្រតិភូចិនបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាពិសេសលើការងារលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងនិងសម្បូរបែប។
ការបង្ហា្ញឆន្ទៈនេះធ្វើឡើងក្នុងឱកាស លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមកពីនាយកដ្ឋានអប់រំនៃតំបន់ស្វយ័ត Guangxi Zhuang សាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយលោក LIU Youyi អគ្គនាយកនៃនាយកដ្ឋានអប់រំប្រចាំតំបន់ស្វយ័តខេត្តក្វាងស៊ី លោកHU Chunliu ប្រធានការិយាល័យរដ្ឋបាល លោកQin Zhuangcai ប្រធានផ្នែកអប់រំមនុស្សពេញវ័យនិងវិជ្ជាជីវៈ និងលោក LUO Yaoguang ប្រធានផ្នែកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តការខាងក្រៅ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
ភាគីចិនតាមរយៈ លោក LIU Youyi បានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាពិសេសលើការងារលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងនិងសម្បូរបែបតាមរយៈការបង្កើនកម្មវិធីអាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន តាមរយៈលោក LIU Youyi និងគណៈប្រតិភូទាំងអស់សម្រាប់ការបញ្ជូនអ្នកជំនាញចិនចំនួនបីរូបទៅធ្វើការនៅ SEAMEO TED រយៈពេលមួយឆ្នាំក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងការងារសិក្សាស្រាវជ្រាវនៅវិទ្យាល័យទូទៅមួយចំនួន និងនៅគ្រឹះស្ថានឧត្តមសិក្សាក៏ដូចជាការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង SEAMEO TED និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មួយចំនួនរបស់ចិនដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពពន្លឿនចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា រីករាយគាំទ្ររាល់គំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាច្រើនបន្ថែមទៀតរបស់រដ្ឋាភិបាលចិនតាមរយៈនាយកដ្ឋានអប់រំនៃតំបន់ស្វយ័ត Guangxi Zhuang ក្នុងគោលដៅបម្រើប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។
ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ជំនួបនេះមានគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស (TVET) និងថ្នាក់ឧត្តមសិក្សាក៏ដូចជាការគ្រប់គ្រងលើអាហារូបករណ៍រវាងមន្ទីរអប់រំ នៃតំបន់ស្វយ័ត Guangxi Zhuang និងក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា៕