ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួន ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ លោក ខឹម ចាន់វណ្ណៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោយទទួលបានពាក្យបណ្តឹងលើករណីក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែងក្លាយ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ សមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះចំនួន៣នាក់ ប្តឹងលោក ខឹម ចាន់វណ្ណៈពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ របស់ពួកគាត់ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សា សង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការផ្តល់ភស្តុតាងពីសាមីជនរងគ្រោះទាំង ៣រូប។
អ្នកនាំពាក្យបញ្ជាក់ថា សមត្ថកិច្ចពិតជាបានរកឃើញថា ថាពិតជាករណីក្លែងបន្លំឯកសារប្រាកដមែន។ ផ្អែកតាមលទ្ធផលកោសល្យវិច័យនេះ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាឱ្យចូលខ្លួន ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនតែម្តង ហើយបញ្ជូនទៅតុលាការតាមនីតិវិធី នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យបានបញ្ជាក់ថា៖ «ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ»។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលទាំងស្រុងការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន ដែលបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤៕