
សហភាពអឺរ៉ុបគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ដល់កម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន៤
ភ្នំពេញ៖ នៅក្រោមក្របខណ្ឌ Global Gateway សហភាពអឺរ៉ុប បានព្រមព្រាងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីអាតិភាពថ្មីចំនួន ៤។
កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាននេះធ្វើឡើងក្នុងឱកាស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន ទទួលជួប លោក ទ្រីសម៉ាន់ ស៊ីហ្គារ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និង សហភាពអឺរ៉ុប (EU) នាថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ទ្រីសម៉ាន់ ស៊ីហ្គារ៍ បានគូសបញ្ជាក់ឡើងវិញអំពីជំហរគាំទ្ររបស់ EU ជាពិសេសតាមរយៈយុទ្ធសាស្ត្រ Global Gateway ដែលជាយុទ្ធសាស្ត្រថ្មីរបស់ EU មានគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចអន្តរាគមន៍របស់ខ្លួន។
លោកបានលើកឡើងថា នៅក្រោមយុទ្ធសាស្ត្រនេះផងដែរ ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជាសមាជិក EU ដែលជារួមហៅថា “Team Europe" បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives TEIs) ចំនួនពីរ ដើម្បីគាំទ្រដល់ការធ្វើ សមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ ដែលក្នុងនោះមាន ការផ្តោតលើចីរភាពខ្សែច្រវាក់តម្លៃកសិកម្ម និង ផ្តោតលើថាមពលបៃតង និង ខ្សែច្រវាក់តម្លៃឧស្សាហកម្ម។
លោកបានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព, កម្មវិធីភាពជាដៃគូសហភាព អឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្ដាលការអប់រំបច្ចេកទេស ២០២៤- ២០៦៧ និង កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងកោតសរសើរចំពោះ EU សារជាថ្មី សម្រាប់ការ ចូលរួមយ៉ាងសកម្មក្នុងការជំរុញវឌ្ឍនភាព នៃវិស័យគាំពារសង្គមនៅកម្ពុជា ឆ្ពោះទៅរកនិរន្តរភាព និងភាពទន់ ដែល អាចឆ្លើយតបនឹងបញ្ហាប្រឈមនានា។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានថ្លែង អំណរគុណដល់សហភាពអឺរ៉ុបសម្រាប់ជំហរគាំទ្រកម្ពុជា ជាពិសេសក្រោមក្របខណ្ឌ Global Gateway ដែល កម្មវិធីទាំង ៤ នេះ ចូលរួមគាំទ្រដល់របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕