លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ប្រទេសណូរ៉ូក្នុងមហាសមុទ្រប៉ាស៊ីហ្វិកប្រកាសបញ្ចប់ការទទួលស្គាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់

អន្តរជាតិ៖ ប្រទេស ណូរ៉ូ (Nauru) នឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ព្រមទាំងទទួលស្គាល់ទំនាក់ទំនងការទូតជាផ្លូវការជាមួយរដ្ឋាភិបាលចិនវិញ ដែលនេះគឺជាការប្រកាសដោយរដ្ឋាភិបាលនៃប្រទេសដែនកោះកណ្ដាលសមុទ្រប៉ាស៊ីហ្វិក ដែលនេះគឺជាការរបត់នៃការផ្លាស់ប្តូរផ្នែកនយោបាយមួយទៀត ក្រោយពីកោះតៃវ៉ាន់បានបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួនកាលពីពេលថ្មីៗនេះ។ 

រដ្ឋាភិបាលនៃប្រទេស Nauru បានថ្លែងថា ការផ្លាស់ប្តួរទំនាក់ទំនងការទូតរ​​បស់ខ្លួនគឺជា "ឧត្តមប្រយោជន៍ដ៏ល្អបំផុត" សម្រាប់ប្រទេសជាតិ និងប្រជាជននៃប្រទេសនេះ ខណៈកំពុងស្វែងរកការបន្តទំនាក់ទំនងការទូតពេញលេញជាមួយរដ្ឋាភិបាលចិន។ ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលណូរ៉ូបានបញ្ជាក់ថា៖ "សាធារណរដ្ឋណូរ៉ូនឹងមិនទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋចិន (កោះតៃវ៉ាន់) ជាប្រទេសឯករាជ្យទៀតនោះទេ ប៉ុន្តែគឺជាផ្នែកមួយនៃដែនដីរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយនឹងបញ្ចប់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ចាប់ពីថ្ងៃនេះតទៅ"។ ដោយឡែក ក្រសួងការបរទេសតៃវ៉ាន់បញ្ជាក់ថា ខ្លួននឹងធ្វើសន្និសីទសារព័ត៌មានមួយនាពេលឆាប់ៗនេះ។ 

កន្លងមក ចិនតែងតែប្រកាសទៅកាន់បណ្ដាប្រទេសទាំងឡាយដែលទទួលស្គាល់ទំនាក់ទំនងការទូតជាមួយខ្លួនថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ចិន ដោយពុំអាចមានទំនាក់ទំនងរវាងផ្លូវរដ្ឋ និងរដ្ឋជាមួយកោះនេះបានឡើយ។ ចិនប្រកែកដាច់ខាតមិនមានទំនាក់ទំនងការទូតជាមួយប្រទេស ឬដែនដីណាមួយដែលទទួលស្គាល់ថាកោះតៃវ៉ាន់ជាប្រទេសស្របច្បាប់ មានន័យថាពុំអាចមានទំនាក់ទំនងជាមួយចិនផង និងកោះតៃវ៉ាន់ផងនោះឡើយ។ 

មន្ត្រីសន្តិសុខតៃវ៉ាន់បានប្រាប់មកកាន់សារព័ត៌មានមុនការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថា ប្រទេសចិននៅតែប្រកាន់គោលជំហរមិនមានទំនាក់ទំនងជាមួយប្រទេសដែលទទួលស្គាល់ទំនាក់ទំនងជាមួយតៃវ៉ាន់។ លោក ឡៃ ជីងតេ មកពីគណបក្ស DPP ដែលជាគណបក្សកាន់អំណាច បានឈ្នះឆ្នោតជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ ខណៈលោកត្រូវគេរំពឹងថានឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភាខាងមុខ។ នៅមុនការបោះឆ្នោតនេះ ចិនបានហៅបេក្ខភាពប្រធានាធិបតីកោះតៃវ៉ាន់ខាងលើថាជាក្រុមបំបែកខ្លួនដែលមានគ្រោះថ្នាក់។

សូមបញ្ជាក់ថា ក្រោយពីការបញ្ចប់ទំនាក់ទំនងការទូតរបស់ប្រទេសណូរ៉ូនេះ កោះតៃវ៉ាន់នៅសល់ប្រទេស និងដែនដីសរុបចំនួន១២ប៉ុណ្ណោះ ដែលទទួលស្គាល់ទំនាក់ទំនងផ្លូវរដ្ឋជាមួយខ្លួនដែលរួមមានដូចជា ហ្គាតេម៉ាឡា, ប៉ារ៉ាហ្គាយ, អេស្វាទីនី កោះប៉ៅឡូ និងកោះម៉ាសាល (Marshal Islands) ជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក