ភ្នំពេញ៖ តាមការជូនដំណឹងរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ កាលពីដើមសប្ដាហ៍កន្លងទៅ បន្ទាប់ពីគម្រោងទាំងមូលបានសាងសង់រួចរាល់ស្ទើរ ១០០% ខណៈភាគីចិន គ្រោងប្រគល់ឲ្យកម្ពុជាគ្រប់គ្រងដោយផ្ទាល់នូវពហុកីឡដ្ឋានតម្លៃជាង ១៦០លានដុល្លារអាមេរិក នាពេលឆាប់ៗខាងមុខ ។
ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ១៦ហិកតា ខណៈទំហំសំណង់កីឡដ្ឋានប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ហើយជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ជាង៦ម៉ឺននាក់។ ពហុកីឡដ្ឋានថ្មីនេះ អាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន ជាពិសេសទីតាំងប្រវត្តិសាស្រ្តរបស់កម្ពុជានេះនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ទទួលពិធីបើក-បិទ ព្រមទាំងបម្រើឱ្យការប្រកួតមួយចំនួនធំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។
បើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មការជាតិអូឡាំពិកកម្ពុជាបានរៀបចំបង្កើតជានាយកដ្ឋានគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីនៅប្រតិបត្តិការត្រួតពិនិត្យគ្រប់គ្រង និងថែរក្សារាល់សមិទ្ធផលផ្សេងៗនៅទីនោះផ្ទាល់តែម្តង ក្រោយពីភាគីចិននឹងប្រគល់កីឡដ្ឋានដ៏ប្រណិតនេះជូនមករាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ៕
តាមការអះអាងបន្ថែមលើបណ្ដាញសង្គមរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានមានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ន និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា ៕