ក្រុមហ៊ុនបារាំងអរគុណរដ្ឋាភិបាលកម្ពុជាដែលរក្សាបានស្ថិរភាពនិងសន្ដិសុខធ្វើឱ្យមានទំនុកចិត្តដល់ការវិនិយោគ
ប៉ារីស៖ ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI របស់បារាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលរក្សាបានសន្ដិភាព ស្ថិរភាព និងសន្ដិសុខដែលធ្វើឱ្យមានលក្ខខន្តអំណោយផលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
នេះជាការបញ្ជាក់ពីប្រធានក្រុមហ៊ុន VINCI Airports លោក Nicolas Notebaert ចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួបនេះ លោក Nicolas Notebaert បានជម្រាបសម្ដេចធិបតីអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះផងដែរលោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយចំពោះ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយផលដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំ កន្លងមកនេះ។
សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូកម្ពុជាឆ្ពោះទៅប្រទេសបារាំងក្នុងដំណោះទស្សនកិច្ចផ្លូវការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
គូរឱ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចទៅបារាំងនេះសម្ដេចនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024) នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងជារ៉ូស-ខូស្ទ័រ សហព័ន្ធស្វីស និងអញ្ជើញបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤៕