កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KNCA បានរាយការណ៍នៅថ្ងៃចន្ទនេះថា កូរ៉េខាងជើងទើបតែបានធ្វើការសាកល្បងបាញ់នូវមីស៊ីលប្រភេទថ្មីមួយគ្រឿង ដែលជាមីស៊ីលពិសេសមានល្បឿនលឿនជាងសំឡេង (Solid-fuel hypersonic) ដែលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថាជាមីស៊ីលប្រភេទថ្មីមួយដែលមានរយៈចម្ងាយមធ្យម។ យោងតាមប្រភពពី KCNA ដដែលបានឱ្យដឹងថា ការបាញ់បង្ហោះនេះគឺមានគោលបំណងសាកល្បងលើទំនុកចិត្តលើមីស៊ីលប្រភេទថ្មីនេះ និងក្បាលគ្រាប់ដែលគ្រប់គ្រងដោយបច្ចេកវិទ្យាល្បឿនលឿនជាងសំឡេងកម្រិតមធ្យម។
គួរឱ្យដឹងថា ការសាកល្បងមីស៊ីលសាជាថ្មីនេះធ្វើឡើងនៅចំថ្ងៃតែមួយដែលគណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក ឆូ សុនហ៊ុយ (Choe Son Hui) បានចាកចេញពីរដ្ឋធានីព្យុងយ៉ាង ក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។ ការសាកល្បងមីស៊ីល និងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីនេះ ធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងបងប្អូនកូរ៉េទាំងពីរ បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង និងការបង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនក៏ដូចជាការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្សី ដែលបានធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តបានសម្តែងនូវក្ដីព្រួយបារម្ភជាខ្លាំង។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយរបស់ KCNA បានឱ្យដឹងថា កូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ជាមួយនឹងសមយុទ្ធយោធា និងសកម្មភាពប្រដាប់អាវុធផ្សេងទៀត។ ថ្មីៗនេះ កូរ៉េខាងជើងបានកំណត់ថាកូរ៉េខាងត្បូងគឺជារដ្ឋមួយដាច់ដោយឡែក និងដែលជាសត្រូវរាប់ទស្សវត្សមកហើយជាមួយខ្លួន ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងថា ការបង្រួបបង្រួមដោយសន្តិវិធីគឺមិនអាចទៅរួចទៀតទេ។
ក្រុមអ្នកវិភាគយល់ថា វិធានការថ្មីរបស់កូរ៉េខាងជើងនឹងអាចជាផែនការដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងសេអ៊ូលនៅក្នុងសង្គ្រាមនាពេលអនាគត។ យោធាកូរ៉េខាងត្បូងនិយាយថា មានមីស៊ីលមួយដែលបានបាញ់ចេញពីតំបន់ក្បែរទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ និងហោះចេញក្នុងចំងាយប្រមាណជា ១,០០០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ខណៈជប៉ុនក៏បានរាយការណ៍ពីមីស៊ីលនេះថាស្ថិតក្នុងកម្ពស់អតិបរមាយ៉ាងហោចណាស់ ៥០ គីឡូម៉ែត្រ។ កូរ៉េខាងជើងក៏បានប្រកាសដែរថា ខ្លួនទើបតែធ្វើការសាកល្បងនូវមីស៊ីលបាលេស្ទិកប្រភេទថ្មី កាលពីថ្ងៃទី១១ និងថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅផងដែរ៕