ម៉ាល់ឌីវ៖ ប្រភពពីមន្រ្តីមួយរូបបានឱ្យដឹងថា ម៉ាល់ឌីវបានអំពាវនាវឱ្យឥណ្ឌាដកកងទ័ពចេញពីទឹកដីរបស់ខ្លួនយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែមីនា ក្នុងជំហានមួយទៀតដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសក្បែរខាងក្នុងតំបន់អាស៊ីខាងត្បូងមួយនេះកាន់តែមានភាពតានតឹងឡើង។
គួរឱ្យដឹងថា លោកប្រធានាធិបតី ម៉ូហាមេដ ម៉ុយហ្សូ (Mohamed Muizzu) ដែលបានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុនជាមួយនឹងការសន្យាថានឹងបញ្ចប់ឥទ្ធិពលនយោបាយដែលមានទំនោរផ្តេកផ្តួលខ្លាំងទៅលើឥណ្ឌា ស្របពេលដែលប្រទេសដែនកោះនេះកំពុងជាចំណុចក្ដៅគគុកនៃការគ្រប់ដណ្ដប់ឥទ្ធិពលនយោបាយពីសំណាក់ប្រទេសចិន និងឥណ្ឌា។
បច្ចុប្បន្ននេះមានកងទ័ពឥណ្ឌាប្រហែលជា ៨០នាក់កំពុងឈរជើងនៅលើប្រជុំកោះនៃមហាសមុទ្រឥណ្ឌា ក្នុងគោលបំណងដើម្បីផ្តល់ការគាំទ្រផ្នែកសម្ភារៈយោធាដល់កោះម៉ាល់ឌីវពីរដ្ឋធានី ញូវ ដេលី (New Delhi) ព្រមទាំងជួយដល់សកម្មភាពមនុស្សធម៌នៅក្នុងតំបន់ផងដែរ។ លោក Muizzu បានស្នើឱ្យកងទ័ពឥណ្ឌាដកខ្លួនចេញពីទីតាំងទាំងនោះ នៅក្នុងកិច្ចពិភាក្សាមន្រ្តីការបរទេសរវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។
លោក អាមេដ ណាហ្ស៊ីម (Ahmed Nazim) នាយកគោលនយោបាយនៃការិយាល័យប្រធានាធិបតីម៉ាល់ឌីវថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ "នៅក្នុងកិច្ចប្រជុំ តាងនាមឱ្យប្រធានាធិបតី Muizzu គណៈប្រតិភូម៉ាល់ឌីវបានស្នើឱ្យមានការដកទ័ពឥណ្ឌាចេញត្រឹមថ្ងៃទី១៥ ខែមីនា។ ការកំណត់កាលបរិច្ឆេទនេះត្រូវបានស្នើឡើងក្នុងរបៀបវារៈដោយរដ្ឋាភិបាល និងជាពិសេសប្រធានាធិបតី ខណៈការពិភាក្សាកំពុងបន្ត"។ គួររំឮកថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន លោក Muizzu បានហៅឥទ្ធិពលដ៏ធំរបស់ទីក្រុង New Delhi ថាជាការគំរាមកំហែងដល់អធិបតេយ្យភាពម៉ាល់ឌីវ ហើយបានសន្យាថាលោកនឹងដកកងទ័ពឥណ្ឌាចេញពីដែនអធិបតេយ្យរបស់ខ្លួន។
មកទល់ពេលនេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាមិនបានធ្វើការឆ្លើយតបណាមួយជុំវិញបញ្ហានេះឡើយ។
ថ្មីៗនេះ ចិន និងម៉ាល់ឌីវកំពុងតែធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក Muizzu ទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ដោយយល់ព្រមលើ "ភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយ" ដែលផ្តោតសំខាន់លើការបើកផ្លូវឱ្យក្រុមហ៊ុនយក្សធំៗរបស់ចិនក្នុងការបង្កើនការវិនិយោគនៅក្នុងប្រទេសម៉ាល់ឌីវ។ បច្ចុប្បន្ន ម៉ាល់ឌីវកំពុងជំពាក់បំណុលចិនចំនួនជាង ១.៣៧ ពាន់លានដុល្លារអាមេរិក ឬប្រហែល ២០ភាគរយនៃបំណុលសាធារណៈរបស់ខ្លួន។ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក (World Bank)៕