ជប៉ុន៖ ករណីវិជ្ជមានកូវីដ-១៩ ដំបូងបង្អស់ត្រូវបានរកឃើញនៅក្នុងភូមិកីឡាប៉ារ៉ាឡាំពិក នាទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែសីហានេះ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដែលព្រឹត្តិការណ៍កីឡាជនពិការធំជាងគេលើពិភពលោកនេះនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែសីហានេះ។
បើតាមប្រភពពីសារព័ត៌មានកីឡារបស់ជប៉ុនមិនបានបញ្ជាក់ពីអត្តសញ្ញាញអ្នកឆ្លងនោះឱ្យបានច្បាស់លាស់់នោះទេ ដោយគ្រាន់តែបានឱ្យដឹងថា បុគ្គលដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩នោះពុំមែនជាអត្តពលិក ឬជាប្រជាជនជប៉ុនឡើយ។
គួរបញ្ជាក់ថា កន្លងមកក៏មានករណីជាប់ពាក់ព័ន្ធនឹងការវិជ្ជមានកូវីដ-១៩ ទៅលើការរៀបចំព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះជាង ៧០ករណីដែរ ប៉ុន្តែមិនមែនជាការរកឃើញក្នុងភូមិកីឡាឡើយ ពោលគឺភាគច្រើនជាបុគ្គលិក និងអ្នកសម្របសម្រួលផ្នែកមួយនៃភូមិកីឡាប៉ុណ្ណោះ។
ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះនឹងមានការចូលរួមពីបណ្តាអត្តពលិកមកពីជាង ១៦០ប្រទេស-ដែនដី ដែលមានអត្តពលិកសរុបប្រមាណជា ៤,៤០០នាក់។ ដោយអនុវត្តវិធានការមិនខុសពីព្រឹត្តិការណ៍អូឡាំពិកឡើយ ពោលគឺអត្តពលិក និងមន្រ្តីនៃភូមិកីឡាទាំងអស់នឹងត្រូវពិនិត្យសំណាករកកូវីដ-១៩ ជារៀងរាល់ថ្ងៃ ព្រមទាំងរក្សាគម្លាត និងពាក់ម៉ាសគ្រប់ពេលចេញមកប្រាស្រ័យទាក់ទងនៅខាងក្រៅ។
ដោយឡែក សម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនេះទៀតសោត នឹងត្រូវប្រារព្ធឡើងក្នុងលក្ខខណ្ឌប្រកួតបិទទ្វារ (មិនមានទស្សនិកជនទស្សនាផ្ទាល់) ត្បិតបញ្ហានៅការឆ្លងរាលដាលកូវីដ-១៩ នៅតែមានការកើនឡើងខ្ពស់់់ក្នុងប្រទេសជប៉ុន ពោលគឺគ្រាន់តែទីក្រុងតូក្យូតែមួយប៉ុណ្ណោះ មាននូវអត្រាអ្នកឆ្លងថ្មីច្រើនជាង ២០,០០០នាក់ជារៀងរាល់ថ្ងៃ៕