ប៉ារីស៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្រុមប្រឆាំងកុំឱ្យមើលស្រាលដល់ប្រជាជាតិខ្មែរ ដោយសំដៅលើភាសាថាខ្មែរនៅបរទេសទាល់តែរដ្ឋាភិបាលឱ្យលុយទើបនាំគ្នាមកជួបសម្ដេចនោះ។ សម្ដេចថា ប្រជាជនខ្មែរជាជាតិសាសន៍ស្រលាញ់ពូជសាសន៍មិនដែលបោះបង់ចោលគ្នានោះទេ។
ថ្លែងក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុបជាង២ពាន់នាក់នៅទីក្រុងប៉ារីសប្រទេសប៉ារាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាខ្មែរនៅទីណាក៏ដោយនៅតែរួបរួម ស្រលាញ់រាប់អានគ្នា ចេះដឹងសុខទុក្ខ និងឈឺឆ្អាលពីគ្នា។
សម្ដេចថា៖ «សូមកុំមើលស្រាលប្រជាជនខ្មែរ។ ស្មារតីរួមគ្នានៃជាតិខ្មែរនេះគឺឈាមខាប់ជាងទឹកនៅទីណាក៏ដោយសុខចិត្តជ្រៀតចូលគ្នាដើម្បីជួបជុំគ្នាហើយដើម្បីបង្ហាញស្មារតីស្រលាញ់គ្នា រាប់អានគ្នា ហើយជាពិសេសការឈឺឆ្អាលពីប្រទេសខ្លួន»។
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូកម្ពុជាឆ្ពោះទៅប្រទេសបារាំងក្នុងដំណោះទស្សនកិច្ចផ្លូវការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ក្នុងពេលដែលសម្ដេចអញ្ជើញទៅដល់ប្រទេសបារាំងមានប្រជាជនខ្មែរជាច្រើនបានទៅស្វាគមន៍សម្ដេចនៅសណ្ឋាគារដែលសម្ដេចស្នាក់នៅ និងបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចផងដែរ។
គូរឱ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចទៅបារាំងនេះសម្ដេចនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024) នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងជារ៉ូស-ខូស្ទ័រ សហព័ន្ធស្វីស និងអញ្ជើញបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤៕











