ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីយុត្តិធម៌ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននិងជំរុញឲ្យខិតខំទាក់ទាញវិនិយោគមកខេត្តបាត់ដំបង

សាលាខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ចំនួន ៣៣១រូប នៅខេត្តបាត់ដំបង ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តម សុខ​ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង មន្ត្រីរាជការនៃអាជ្ញាធរដែនដី, មន្ទីរ, អង្គភាពនានាផងដែរ។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចាត់តាំងលោកឲ្យធ្វើជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រីចាត់ទុកថា​ជាកិត្តិយសដ៏ធំធេង និងបេសកកម្មការងារដ៏ឧត្តុង្គឧត្តម ក្នុងការរួមចំណែក ដើម្បីបម្រើប្រជាជនក្នុងខេត្តបាត់ដំបង និងជាការរួមចំណែកក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តប្រកបសក្តានុពល និង ភាពទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីបានសម្តែងនូវការអបអរសាទរជូនចំពោះ អនុប្រធាន និង​សមាជិក សមាជិកា ក្រុមការងារ​ ដែល​ត្រូវបានតែងតាំងថ្មី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​បាន​សម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងអាណត្តិកន្លងទៅ ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និង​ជាពិសេស ថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅ​ជូន​ចំពោះ​ សម្តេចក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជាអតីត​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែល​បាន​បន្សល់ទុក​នូវ​សមិទ្ធផល​ និង​ស្នាដៃ​ជាច្រើន​​ សម្រាប់ប្រជាជន និង​ខេត្ត​បាត់ដំបង។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ថ្វីដ្បិតតែ​ក្រុមការងាររាជរដ្ឋាភិបាល​ត្រូវ​បាន​ចាត់តាំងថ្មី ក៏ប៉ុន្តែ បេសកកម្ម​នៅតែដដែល គឺបន្តបេសកកម្មដើម្បីបម្រើប្រជាជនក្នុងខេត្តបាត់ដំបង ពិសេស ផ្អែកលើមូលដ្ឋានសមិទ្ធផល និង មូលដ្ឋានការងារដែលមានស្រាប់ បន្តពីក្រុមការងាររាជរដ្ឋាភិបាលអាណត្តិកន្លងទៅ។

នៅចំពោះមុខអង្គពិធី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​រំឭកអំពី​សមិទ្ធផល​ជាប្រវត្តិសាស្រ្តជាច្រើន ដែលសម្រេចបាន​ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​មុន ក្រោម​ការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ជាពិសេស ការសម្រេចបាន​នូវ​សុខសន្តិភាពពេញលេញ តាមរយៈនយោបាយ​ឈ្នះ-ឈ្នះ។ ក្នុងន័យ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​ខេត្តបាត់ដំបង​ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ផ្នែក ត្រូវ​រួមគ្នា​បន្ត​ការពារ​ឲ្យបានជាដាច់ខាត​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជា ឯករាជ្យ អធិបតេយ្យជាតិ និង​បូរណភាពទឹកដី ព្រមទាំង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការផ្ទៃក្នុងកម្ពុជា ឬ​ការធ្វើសកម្មភាពណាមួយ ដែល​បង្ក​អស្ថិរភាពនយោបាយ ឬចលាចល​ក្នុងសង្គម។

បន្ថែមពីលើ​នេះទៅទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ផងដែរ​​ដល់​ក្រុមការរាជរដ្ឋាភិបាល​ឲ្យ​ចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង​កិច្ចការអាទិភាព​គន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដោយ​ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ បាន​សង្កត់ធ្ងន់លើ​ការប្រយុទ្ធប្រឆាំងនឹង​គ្រឿងញៀន ការលើកកម្ពស់​សុវត្ថិភាពចរាចរណ៍ និង​ការដោះស្រាយ​វិវាទ​របស់​ប្រជាជន​នៅតាមមូលដ្ឋាន។

ទាក់ទងនឹង​ការដោះស្រាយ​វិវាទ​​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត បានគូសបញ្ជាក់ អំពី ការបង្កើត​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹង​ចាប់​ផ្តើម​ទទួល​បណ្តឹង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ហើយ​ដែល​អាច​នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និង ផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជា តួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និង ប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ក្រៅពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ បានណែនាំ​ដល់​ក្រុម​ការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​បាត់ដំបង ក្នុងនាមជា​សេនាធិការ​របស់រដ្ឋាភិបាល​នៅកម្រិតមូលដ្ឋាន​ ត្រូវ​ជួយ​គាំទ្រ និង​ជំរុញ​ការលើកកម្ពស់​សមត្ថភាពស្ថាប័ន​នៅមូលដ្ឋាន និង​ជាពិសេស វាយតម្លៃ និង​កំណត់​អំពី​សក្តានុពល​របស់​ខេត្ត ដោយ​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ អំពី​សក្តានុពល​ជាច្រើន​របស់​ខេត្តបាត់ដំបង ក្នុងនោះ ក្រៅពី​វិស័យកសិកម្ម និង​កសិកម្មឧស្សាហកម្ម នៅមាន​សក្តានុពល​ខាង​ភូមិសាស្រ្ត ប្រជាសាស្រ្ត និង​ជាពិសេស ខាង​ទេសចរណ៍។ ហេតុដូច្នេះហើយ​បាន​ជា​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ជំរុញ​ឲ្យ​ក្រុមការងាររាជរដ្ឋាភិបាលខិតខំ​​ផ្សព្វផ្សាយឲ្យបានទូលំទូលាយ​នូវ​ភាពទាក់ទាញ​របស់​ខេត្ត សំដៅ​ទាក់ទាញ ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏ដូចជា ធ្វើ​សកម្មភាព​ផ្សេងទៀត ដើម្បី​ទាក់ទាញវិនិយោគ សំដៅ​បង្កើតការងារ និង​​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក