ភ្នំពេញ៖ រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត ឱ្យដឹងថា ក្រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់។
លោក អ៊ាង សុផល្លែត ថ្លែងដូចនេះក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយមុខពាណិជ្ជករគ្រឿងអលង្ការនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
រដ្ឋមន្រ្តីបរិស្ថានបានលើកឡើងថា គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។
ជាមួយគ្នានេះ លោក ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង ហើយលោកក៏មានបំណងចង់ចូលរួមចំណែកតាមរយៈការកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិឱ្យចូលរួមក្នុងសកម្មភាពនេះ ពីព្រោះអ្នកវិនិយោគដែលជាសមាជិកសមាគមភាគច្រើនជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិតគឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ។
លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយបង្កើតមុខរបរបន្ថែមដល់ប្រជាពលរដ្ឋ ក្រៅពីពឹងពាក់លើព្រៃឈើនិងសត្វព្រៃ ដើម្បីលើកកម្ពស់ជីវភាពឱ្យទទួលបានចំណូលខ្ពស់៕