បេឡារុស្ស៖ អ្នកកាសែតជនជាតិបេឡារុស្សម្នាក់ត្រូវបានបញ្ជូនឱ្យចូលរួមក្នុងសវនាការមួយលើការចោទប្រកាន់ពាក់ព័ន្ធនឹងការងារវិជ្ជាជីវៈជាអ្នកកាសែតរបស់គេ ដែលរួមចំណែកលើការតវ៉ារបស់ក្រុមបាតុករ ដែលសវនានការខាងលើត្រូវគេយល់ជាវិធានការចុងក្រោយបង្អស់របស់រដ្ឋាភិបាលបេឡារុស្ស ក្នុងការបង្រ្កាបមិនឈប់ឈរទៅលើក្រុមអ្នកប្រឆាំងរដ្ឋាភិបាល។
អ្នកថតរូបសារព័ត៌មាន លោក អាឡេកសាន់ដឺ ហ្ស៊ីយ៉ានគូ (Alyaksandr Zyankou) ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ៦ឆ្នាំ ប្រសិនបើលោកត្រូវបានតុលាការកាត់ទោសពីបទ "ចូលរួមក្នុងក្រុមជ្រុលនិយម" នៅតុលាការទីក្រុង Minsk។ គួរឱ្យដឹងថា បទចោទប្រកាន់ខាងលើត្រូវបានអាជ្ញាធរប្រើយ៉ាងទូលំទូលាយដើម្បីកំណត់គោលដៅសមាជិកបក្សប្រឆាំង សកម្មជនសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យ។
លោក Zyankou ត្រូវបានអាជ្ញាធរសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោយការឃាត់ខ្លួនតាំងពីខែមិថុនា ឆ្នាំ២០២៣ ហើយសមាគមអ្នកកាសែតឯករាជ្យបេឡារុស្សបានឱ្យដឹងថា សុខភាពរបស់លោកធ្លាក់ដុនដាបជាខ្លាំងអំឡុងការជាប់ឃុំបណ្ដោះអាសន្ននេះ។ បើតាមប្រធានសមាគម លោក លោក Andrei Bastunets បាននិយាយថា៖ "លោក Zyankou គ្រាន់តែជាអ្នកថតរូបសកម្មភាពនៃការគាបសង្កត់ យ៉ាងឃោរឃៅ និងរ៉ាំរ៉ៃក្នុងប្រទេសបេឡារុស្ស ប៉ុន្តែអាជ្ញាធរពិតជាស្អប់អ្នកដែលពណ៌នា ឬថតរូបភាពនៃភេរវកម្មនយោបាយនៅក្នុងប្រទេស"។ លោកបន្ថែមថា បេឡារុស្សគឺជាប្រទេសដែលមានការគាបសង្កត់សិទ្ធិសេរីភាពខ្លាំងបំផុតនៅអឺរ៉ុប ជាពិសេសការប៉ុនប៉ងបញ្ចេញមតិដោយសេរី អាចត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារទៀតផង។
គួរឱ្យដឹងថា បច្ចុប្បន្នមានអ្នកសារព័ត៌៌មានបេឡារុស្សចំនួន ៣៣នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយអ្នកខ្លះកំពុងជាប់ឃុំរង់ចាំសវនាការ និងខ្លះទៀតកំពុងអនុវត្តទោសក្នុងពន្ធនាគាររបស់ខ្លួន។ កន្លងមក អាជ្ញាធរបេឡារុស្សបានបង្រ្កាបគូប្រជែងរបស់លោកប្រធានាធិបតី អាឡិកសាន់ដឺ លូកាសេនកូ (Alexander Lukashenko) ជាបន្តបន្ទាប់ ក្រោយពីកើតមាននូវការតវ៉ាដ៏ធំក្រោយការបោះឆ្នោតខែសីហា ឆ្នាំ២០២០ ដែលលោក Lukashenko បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី៦។
ក្នុងហេតុការណ៍តវ៉ាដ៏កក្រើកនោះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាង ៣៥,០០០នាក់ ដោយក្នុងនោះមនុស្សរាប់ពាន់នាក់ត្រូវបានវាយដំរូបរាងកាយនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការមិនមែនរដ្ឋាភិបាលរាប់រយត្រូវបានបិទ និងដាក់ឱ្យនៅក្រៅច្បាប់។ អ្នកទោសនយោបាយជាង ១,៤០០នាក់នៅតែស្ថិតក្នុងការឃុំឃាំងនៅឡើយ រួមទាំងមេដឹកនាំគណបក្សប្រឆាំង និងអ្នកតស៊ូមតិសិទ្ធិមនុស្សដ៏ល្បីល្បាញ និងអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២ លោក Ales Bialiatski ផងដែរ៕