វៀតណាម៖ ក្រសួងសន្តិសុខសាធារណៈបានឱ្យដឹងនៅល្ងាចថ្ងៃសុក្រម្សិលមិញនេះថា តុលាការក្នុងប្រទេសវៀតណាមបានកាត់ទោសអតីតរដ្ឋមន្ត្រីខុទ្ទកាល័យពីរនាក់ ហើយបានរកឃើញថាមន្ត្រីរាប់សិបនាក់ជាប់ពាក់ព័ន្ធ និងមានពិរុទ្ធភាពក្នុងការចោទប្រកាន់ពីបទសូកប៉ាន់ និងនិងការគ្រប់គ្រងមិនត្រឹមត្រូវតាមច្បាប់ក្នុងការបំពេញតួនាទីរបស់ខ្លួន ទៅលើរឿងអាស្រូវនៃការគ្រប់គ្រង និងចែកចាយឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ អំឡុងការរីករាលដាលកំពុងកើតមានខ្លាំងក្នុងប្រទេស។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសន្តិសុខសាធារណៈបានឱ្យដឹងដែរថា អតីតរដ្ឋមន្រ្តីសុខាភិបាល លោក ង្វៀន ថាញ់ឡុង (Nguyen Thanh Long) ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ខែពីបទទទួលសំណូកជាទឹកប្រាក់ចំនួន ២.២៥លានដុល្លារអាមេរិក ខណៈដែលលោក ជូ ង៉ុកអាន់ (Chu Ngoc Anh) អតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទការគ្រប់គ្រងមិនត្រឹមត្រូវតាមច្បាប់។
គួរឱ្យដឹងថា ចំណុចរសើបបំផុតនៃរឿងអាស្រូវនេះគឺក្រុមហ៊ុនពេទ្យឯកជនមួយឈ្មោះថា Viet A Technology Corp ដែលត្រូវបានចោទប្រកាន់ថាបានឃុបឃិតជាមួយមន្ត្រីជំនាញក្នុងការផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ សម្រាប់បម្រើក្នុងប្រព័ន្ធសុខាភិបាលរបស់រដ្ឋហើយបានលក់ចេញក្នុងតម្លៃអតិផរណា។ កាសែតក្នុងស្រុកមួយបានដកស្រង់សម្ដីរបស់លោក Long ក្រោយការប្រកាសទោសដោយតុលាការថា "ខ្ញុំពិតជាបានធ្វើខុស និងសុំទោសផង" ខណៈប្រភពដដែលពុំបានឱ្យដឹងពីការលើកឡើងពីមេធាវីរបស់លោកឡើយ។
គួរឱ្យដឹងថា សាលក្រមកាត់ទោសអតីតមន្រ្តីជាន់ខ្ពស់វៀតណាមនេះធ្វើឡើង ស្របពេលដែលប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខាងលើកំពុងបង្កើនយុទ្ធនាការប្រឆាំងអំពើពុករលួយ ដោយគេបានឃើញមន្រ្តីជាន់ខ្ពស់រាប់រយនាក់ត្រូវបានស៊ើបអង្កេតពីបទពុករលួយ និងដោយមានបុគ្គលជាច្រើនត្រូវបានបង្ខំឱ្យលាលែងពីតំណែង រួមមានទាំងអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) និងឧបនាយករដ្ឋមន្ត្រីពីររូបផងដែរ។
ដោយឡែក ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Viet A លោក ផាន់ កុកវៀត (Phan Quoc Viet) ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៩ឆ្នាំផងដែរ ក្នុងសវនាការដែលដំណើរការអស់រយៈពេលជាង ១សប្តាហ៍។ ក្រុមហ៊ុន Viet A បានលក់ឧបករណ៍ធ្វើតេស្ត COVID-19 ចំនួន ៤.៥លានឈុត ក្នុងប្រទេសវៀតណាមអំឡុងពេលជំងឺរាតត្បាតជាសកលនេះកំពុងកើនឡើងខ្លាំង ដោយក្រុមហ៊ុនបានដាក់លក់ចេញក្នុងតម្លៃខ្ពស់ជាងធម្មតា ៣ដង និងរកបានប្រាក់ចំណេញដោយខុសច្បាប់ប្រមាណជា ៥០លានដុល្លារអាមេរិក៕