សម្តេចធិបតី សង្ឃឹមថាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ នឹងស្រូបទាញកំណើនភ្ញៀវចិនមកកម្ពុជា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ ដែលឆ្នាំនេះស្របនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនអាស៊ាន-ចិនផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ និងត្រៀមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងភ្ញៀវទេសចរចិនមកកាន់កម្ពុជា។
ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចបានរំលឹកចំពោះទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរដែលបានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់តំាងពីសម័យហ្វូន បន្តមកដល់សម័យទំនើបក្រោមការដឹកនំារបស់ព្រះបរមរតនកោដ្ឋ រហូតដល់សម្តេចតេជោ ហ៊ុន សែន បានខិតខំបន្តពង្រឹង និងពង្រីកចំណងមិត្តភាព រហូតបានភ្ជាប់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ។
សម្តេចធិបតី គូសបញ្ជាក់ថា ក្នុងនាមសម្តេចជាអ្នកដឹកនាំជំនាន់ក្រោយដែលបន្តវេនដឹកនាំនាវាកម្ពុជានាពេលបច្ចុប្បន្ន សម្តេចនឹងបន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្គួចផ្តើមស្តីពី «យុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។ ជាមួយគ្នានេះនឹងបន្តរក្សាចំណងទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក។
បើតាមសម្តេចធិបតី តាមរយៈការកំណត់ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន នឹងស្របទាញនូវកំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនមកទស្សនា និងបណ្តាក់ទុនធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត ហើយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ និងប្រជាជនយើងទាំងពីរ នឹងកាន់តែរឹងមាំ រីកចម្រើន ស្ថិតស្ថេរជាអមតៈ។
សម្តេចធិបតីបញ្ជាក់ថា៖ «ជាថ្មីម្តងទៀត ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម លី ស៊ូឡី នាពេលនេះ នឹងពង្រឹងបន្ថែមនូវមូលដ្ឋានទំនាក់ទំនងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែ រឹងមាំ និងជិតស្និទ្ធ ពិសេសគឺការស្វែងយល់រវាងគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅលើភាពសម្បូរបែបនៃសម្បត្តិ វប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ»។
សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិទាំងអស់ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមឱ្យបានផុសផុល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជនជាទីគាប់ប្រសើរអុជា-ចិន» ពេញមួយឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផលជាទីគាប់ប្រសើរ៕