អាល្លឺម៉ង់៖ ក្លិបបាល់ទាត់ Borussia Dortmund បានឈានដល់ការឯកភាពលើកិច្ចព្រមព្រៀងមួយក្នុងការនាំយកខ្សែការពារ Ian Maatsen ក្រោមលក្ខខណ្ឌខ្ចីជើងពី Chelsea រហូតដល់ដំណាច់រដូវកាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបផ្ទាល់នៅល្ងាចថ្ងៃសុក្រ ទី១២ ខែមករានេះ។
ខ្សែការពារសញ្ជាតិជម្រើសជាតិហូឡង់រូបនេះបានបង្ហាញខ្លួននៅក្របខណ្ឌ Premier League កាលពីខែសីហាកន្លងទៅ និងបានបង្ហាញខ្លួនសរុប ១២ប្រកួតក្នុងរដូវកាលនេះជាមួយ Chelsea។
លោក Sebastian Kehl នាយកបច្ចេកទេសក្លិប Dortmund និយាយថា៖ "ដោយផ្អែកលើស្ថានភាពរបស់ក្លិបនាពេលបច្ចុប្បន្ន ធ្វើឱ្យយើងសម្រេចចិត្តក្នុងការបំពេញបន្ថែមលើតំណែងខ្សែការពារស្លាបឆ្វេងនាទីផ្សារដោះដូរខែមករានេះ"។ លោកបន្ថែមថា៖ "Ian ស័ក្តិសមនឹងទម្រង់លេងរបស់យើងជាមួយនឹងចំណុចខ្លាំងដ៏លេចធ្លោរបស់គេ។ កីឡាកររូបនេះមានល្បឿនលឿន ជើងឆ្វេងដ៏រឹងមាំ និងអាចលេងបានច្រើនតំណែង"។
Dortmund ដែលជាជើងឯករង Bundesliga រដូវកាលមុន កំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ និងកំពុងមានគម្លាត ១៥ពិន្ទុពីក្រោមក្រុមកំពូលតារាង Bayer Leverkusen និងគម្លាត ៦ពិន្ទុពីតំបន់ Top4 ដែលជាតំបន់កៅអី Champions League។ ថ្មីៗនេះ Dortmund បានឈានទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាលនេះ ដោយត្រូវប៉ះជាមួយក្លិបហូឡង់ PSV Eindhoven ដែលជាក្លិបមួយរបស់ Maatsen កាលនៅថ្នាលយុវជន។
គួរឱ្យដឹងថា ការប្រកួតប្រជែងជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga និងត្រឡប់មកវិញនៅទាបភ្លឺរាត្រីថ្ងៃសុក្រនេះ ក្រោយពីសម្រាក ៣សប្តាហ៍នាទីផ្សារដោះដូររដូវរងារ៕