អ៉ីស្រាអែល៖ នៅថ្ងៃសុក្រ ទី១២ ខែមករានេះ អ៉ីស្រាអែលបានត្រៀមរួចរាល់ក្នុងការឆ្លើយតបទៅវិញចំពោះអ្វីដែលខ្លួនពណ៌នាថាជាការចោទប្រកាន់ចំពោះភាពឃោរឃៅ និងការចោទប្រកាន់អំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា នៅក្នុងករណីដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅចំពោះមុខតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។
គួរឱ្យដឹងថា អាហ្វ្រិកខាងត្បូងបានដាក់ពាក្យបណ្ដឹងមួយជាបន្ទាន់ទៅកាន់អង្គការសហប្រជាជាតិតុលាការយុត្តិធម៌អន្តរជាតិ ដោយលើកហេតុផលថា អ៉ីស្រាអែលបានបំពានលើអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខានៅឆ្នាំ៩៤៨ បន្ទាប់ពីមានការសម្លាប់រង្គាលនៅតំបន់ហ្គាហ្សា លើជនជាតិប៉ាឡេស្ទីន។ រដ្ឋាភិបាលនៃរដ្ឋធានីព្រីតូរីយ៉ា (Pretoria) ចង់ឱ្យចៅក្រម ICJ បង្ខំឱ្យអ៉ីស្រាអែលបញ្ឈប់ភ្លាមៗនូវសកម្មភាពវាយប្រហារនៅតំបន់ហ្គាហ្សា ក្រោយហេតុការណ៍នៃការវាយប្រហារពីក្រុមប្រយុទ្ធហាម៉ាសទៅលើអ៉ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដែលបានបណ្ដាលឱ្យមនុស្ស ១,១៤០នាក់បាត់បង់ជីវិត។
អ៉ីស្រាអែលបានឆ្លើយតបមកវិញភ្លាមៗដោយយុទ្ធនាការយោធាឥតឈប់ឈរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣,៤៦៩ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៃតំបន់ហ្គាហ្សា។ អ៉ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិកបានច្រានចោលករណីនៃការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន និងបានប្តេជ្ញាការពារខ្លួនយ៉ាងរឹងមាំនៅឯវិមានសន្តិភាពស្ថិតនៅក្នុងទីក្រុងឡាអេ ដែលជាទីស្នាក់ការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងសវនាការថា៖ "ទេ អាហ្រ្វិកខាងត្បូង! វាមិនមែនជាយើង (អ៉ីស្រាអែល) ទេ ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប៉ុន្តែវាគឺជាក្រុមហាម៉ាស"។ លោកបន្ថែមថា៖ "យើងនឹងបន្តសង្គ្រាមការពារខ្លួនរបស់យើង ដោយយុត្តិធម៌ និងគុណធម៌ ហើយដែលគ្មានសម្ព័ន្ធមិត្ត"។
ដោយឡែក នៅឯរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធីវ មីលឡើ (Matthew Miller) និយាយថា ករណីនៃការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងគឺជាការចោទប្រកាន់ដោយ "គ្មានមូលដ្ឋាន"។ តុលាការ ICJ ទំនងជានឹងសម្រេចសេចក្ដីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ តាមសំណើរបស់អាហ្វ្រិកខាងត្បូង ដែលសេចក្ដីសម្រេចនេះគឺជាសេចក្ដីសម្រេចចុងក្រោយនិងមានកាតព្វកិច្ចផ្លូវច្បាប់។ ប៉ុន្តែយ៉ាងណាក្ដី ចំពោះសេចក្ដីសម្រេចកន្លងមករបស់ ICJ ហាក់មានអានុភាពអនុវត្តតិចតួចប៉ុណ្ណោះទៅលើភាគី ពោលគឺសេចក្ដីសម្រេចពុំសូវមានប្រសិទ្ធិភាពឡើយ៕