
ក្រសួងមហាផ្ទៃរកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ជូនដំណឹងពីការរកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែ ប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគមនិងអង្គការទាំងនោះ។
សេចក្តីជូនដំណឹងចេញនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានចំនួន ៦ ២៧៩ ក្នុងនោះសមាគមមានចំនួន ២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៣២ ត្រូវបានចុះបញ្ជីនិងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ហើយអាចធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃកម្ពុជា។
ក្រសួងមហាផ្ទៃបានឱ្យដឹងថា វត្តមាននៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យជាច្រើននៅទូទាំងប្រទេស ក្នុងនោះមានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានបំពេញ កាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀតមិនបានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ ទោះបីក្រសួងមហាផ្ទៃធ្លាប់បានដាក់ចេញនូវសេចក្តីជូនដំណឹងអំពីការបំពេញកាតព្វកិច្ច ចំពោះសមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកចំនួនពីរលើករួចមកហើយក៏ដោយ។
ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួម លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងកម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកសារជាថ្មីចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវបំពេញកាតព្វកិច្ចដូចដែរក្រសួងបានធ្លាប់ជូនដំណឹង។
ក្រសួងមហាផ្ទៃ សង្ឃឹមនិងជឿជាក់ថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែល បានតម្កល់សំណុំលិខិត និងបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ នឹងសហការចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ នៅកម្ពុជា។
ក្នុងករណី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណា មិនបានអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងអនុវត្តវិធានការស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាធរមាន៕