អាជ្ញាធរជាតិអប្សរា ដាក់ពិន័យរដ្ឋបាលលើបុរសដែលទះកំភ្លៀងលើកុមារដើរលក់កូនអណ្តើកនៅកសិន្ទអង្គរវត្ត
សៀមរាប៖ ក្រោយមានការចែកចាយព្រោងព្រាតនូវវីដេអូបុរសម្នាក់ដែលជាបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចុះមកហាមឃាត់ និងទះកំភ្លៀងលើកុមារដើរលក់កូនសត្វអណ្តើកម្នាក់នៅបរិវេណកសិន្ទអង្គរវត្តកាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានកោះហៅបុគ្គលិករូបនោះមកសាកសួរ និងសម្រេចដាក់ពិន័យរដ្ឋបាល។
បុគ្គលិករូបនេះក៏ត្រូវបានអាជ្ញាធរជាតិអប្សរាទៅសុំទោសឪពុកម្តាយ និងកុមាររូបនេះផ្ទាល់ និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះផងដែរ ហើយប្រសិនប្រព្រឹត្តិអំពើហិង្សានេះទៀតនឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាន។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំ នៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងចៀសវាងឱ្យបានជាដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។
អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់ អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។
ទន្ទឹមនេះអាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទនានា នៃរមណីយដ្ឋានអង្គរ ដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមានប្រភពដើមនៅទីនោះ៕