អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានចេញមុនព្រមាននៅថ្ងៃទី១១ ខែមករានេះថា ប្រសិនបើពុំមានការតបត ឬត្រូវឱ្យមានការផ្អាកការការពារខ្លួនរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នឹងអាចជួយឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូមានលទ្ធភាពខ្ពស់ក្នុងការបំពាក់អាវុធឡើងវិញ ព្រមទាំងជាការឱ្យឱកាសរុស្សីមានប្រៀបឡើងវិញផងដែរ។
ជាមួយសុន្ទរកថាដែលថ្លែងចេញពីប្រទេសអេស្តូនី (Estonia) ខណៈដែលរុស្សី និងអ៊ុយក្រែនកំពុងចោទ និងសាចទឹកដាក់គ្នាទៅវិញទៅមក ជុំវិញការវាយប្រហារដោយមីស៊ីលកំពុងមានការកើនឡើងខ្លាំងក្នុងការសង្គ្រាមដែលកំពុងអូសបន្លាយ ហើយខណៈដែលប្រទេសជាប់ព្រំដែនសមុទ្រខ្មៅចំនួន ៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការបោសសម្អាតមីនចេញពីដែនទឹករបស់ខ្លួន។
លោក Zelenskyy បានទៅទស្សនារដ្ឋធានី តាលីន (Tallinn) នៃប្រទេសអេស្តូនីជាដំណើរទស្សនកិច្ចដំណាក់កាលទីពីរសម្ព័ន្ធមិត្តបាល់ទិកដ៏រឹងមាំដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការគាំទ្រសម្រាប់ទីក្រុង Kyiv ជាមួយនឹងសង្រ្គាមដែលកំពុងអូសបន្លាយជិតពីរឆ្នាំកន្លងមកជាមួយរុស្សី។ ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអេស្តូនី លោក Zelenskyy ថ្លែងថា៖ "ឱ្យពេលវេលារុស្សី ២ឆ្នាំទៅ ៣ឆ្នាំ ពួកគេនឹងមានប្រៀបលើយើងយ៉ាងងាយស្រួល!"។ លោកបន្ថែមថា៖ "យើងនឹងមិនប្រថុយប្រថាននោះទេ... វានឹងមិនមានការផ្អាក (សង្គ្រាម) ណាមួយដែលជារឿងអំណោយផលដល់រុស្ស៊ីឡើយ"។ មិនត្រឹមតែប៉ុណ្ណោះ លោក Zelenskyy បានទទូចថា "សង្រ្គាមយ៉ាងយូរ" ជាមួយរុស្ស៊ីនឹងមិនល្អសម្រាប់អ៊ុយក្រែនទេ។
ដោយឡែក ប្រធានាធិបតីអេស្តូនី លោក អាឡា ការីស (Alar Karis) បានអំពាវនាវឱ្យ "ផ្តល់អាវុធដល់អ៊ុយក្រែនក្នុងសង្គ្រាមដោយគ្មានដែនកំណត់" ដោយលោកបានផ្តល់យោបល់ថា អ៊ុយក្រែនគួរតែត្រូវបានអនុញ្ញាតឱ្យធ្វើការវាយប្រហារទៅលើរុស្ស៊ីជាមួយនឹងអាវុធរបស់លោកខាងលិច។ លោកថ្លែងថា៖ "យើងត្រូវតែយល់ថា នៅក្នុងសង្រ្គាម វាជារឿងជៀសមិនរួច ក្នុងការវាយលុកលើសព្វាវុធយោធារបស់ភាគីដែលបានឈ្លានពានមកលើយើង ដើម្បីបន្ថយកម្លាំងរបស់សត្រូវ និងធ្វើឱ្យពួកគេចុះខ្សោយ"។
ដោយឡែកថ្មីៗនាដើមខែមករានេះ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក រ៉ាដូស្ល ស៊ីករស្គី (Radoslaw Sikorski) ក៏បានអំពាវនាវដល់បណ្ដាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ឱ្យបញ្ជូនកាំជ្រួចរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយទីក្រុង Kyiv កំណត់គោលដៅបាញ់ទៅលើ "ទីតាំងបាញ់បង្ហោះ និងមជ្ឈមណ្ឌលបញ្ជា" របស់រុស្ស៊ី៕