វៀតណាម៖ អគ្គលេខាធិការ និងជាក្បាលម៉ាស៊ីននៃគណបក្សកុម្មុយនីសវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ត្រូវគេរំពឹងងថា លោកនឹងខកខានការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំបរទេសមកកាន់ទីក្រុងហាណូយ ក្នុងរយៈពេលប្រហែលជា ០១សប្តាហ៍ ស្របពេលដែលគេកំពុងមានការព្រួយបារម្ភពីកត្តាសុខភាពរបស់លោកផ្ទាល់។
លោក Trong បច្ចុប្បន្នមានវ័យ ៧៩ឆ្នាំ ដែលបានកាន់តំណែងជាអគ្គលេខាធិការគណបក្សតាំងពីឆ្នាំ២០១១ គឺជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រព័ន្ធនយោបាយឯកបក្សរបស់វៀតណាម ហើយជានិច្ចកាលលោកតែងតែទទួលជួបការសម្តែងការគួរសមជាមួយភ្ញៀវកិត្តិយស និងឥស្សរជនបរទេសក្នុងការជួបប្រជុំជាលក្ខណៈឯកជន។
យ៉ាងណាមិញ លោកប្រហែលជានឹងមិនអាចទទួលជួបបដិសណ្ឋារកិច្ចជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ក្នុងអំឡុងទស្សនកិច្ចរបស់លោកនាថ្ងៃសុក្រ ទី១២ ខែមករានេះឡើយ។ នេះបើយោងតាមរបៀបវារៈព្រាងពីក្រសួងការបរទេសវៀតណាម និងការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ី។
ដោយឡែក ប្រធានគណបក្សកុម្មុយនីសវៀតណាមខាងលើ ក៏ទើបតែអវត្តមានផងដែរ ដោយលោកពុំបានជួបស្វាគមន៍ជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវកាលពីចុងសប្តាហ៍មុនដែរ។ លោក Nguyen Phu Trong បានអវត្តមានពីក្រសែភ្នែកមហាជន និងទីសាធារណៈចាប់តាំងពីថ្ងៃទី២៦ ខែធ្នូកន្លងទៅមកម្ល៉េះ រាប់តាំងពីជំនួបចុងក្រោយជាមួយប្រធានគណបក្សកុម្មុយនិស្តជប៉ុន លោក Kazuo Shii នៅរដ្ឋធានីហាណូយ។
យ៉ាងណាក្ដី មកទល់ពេលនេះក្រសួងការបរទេសវៀតណាម ពុំបានឆ្លើយតបនៅឡើយនូវរាល់សំណួរទាំងឡាយរបស់អ្នកសារព័ត៌មានជុំវិញស្ថានភាពសុខភាពរបស់លោក Nguyen Phu Trong៕