អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធ Jadon Sancho បានវិលត្រឡប់ទៅចូលរួមជាមួយក្លិបអាល្លឺម៉ង់ Borussia Dortmund សាជាថ្មី ក្រោមលក្ខខណ្ឌខ្ចីជើងពី Manchester United ដែលមានន័យថាការផ្ទេរនេះនឹងបញ្ចប់ភាពស្ងប់ស្ងាត់របស់កីឡាករអង់គ្លេសរូបនេះ ក្រោយញាំញីដោយរឿងរ៉ាវនៃការពិន័យពីអ្នកចាត់ការ Erik Ten Hag។
គួរបញ្ជាក់ថា បើតាមប្រភពពីសារព័ត៌មានបានឱ្យដឹងថា ក្លិប Manchester United នឹងជួយចេញប្រាក់ឈ្នួលឱ្យ Sancho មួយចំណែកអំឡុងពេលដាក់ឱ្យខ្ចីជើងនេះ។ Sancho បានចាកចេញពី Dortmund ទៅចូលរួមជាមួយ Man Utd ក្នុងតម្លៃខ្លួន ៨៥លានអឺរ៉ូ កាលពីខែសីហា ឆ្នាំ២០២១ ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ។ យ៉ាងណាមិញ កីឡាកររូបនេះមិនទទួលបានជោគជ័យនៅទឹកដីអង់គ្លេសឡើយ ពោលគឺរូបគេបានបង្ហាញខ្លួនតែ ៣ប្រកួតប៉ុណ្ណោះនារដូវកាលនេះ ក្រោយមានរឿងល្អក់កករជាមួយអ្នកចាត់ការ Erik Ten Hag។
ក្នុងការបង្ហាញខ្លួនលើកដំបូងជាមួយ Dortmund នៅថ្ងៃនេះ Sancho និយាយថា៖ "ពេលដែលខ្ញុំចូលមកកាន់បន្ទប់ផ្លាស់សំលៀកបំពាក់នៅថ្ងៃនេះ! វាមានអារម្មណ៍ហាក់ដូចជាត្រឡប់មកផ្ទះវិញអញ្ចឹង"។ គេបន្ថែមថា៖ "ខ្ញុំពិតជាទន្ទឹងរង់ចាំក្នុងការជួបជាមួយមិត្តរួមក្រុមទាំងអស់ម្តងទៀត ការដើរចេញទៅកាន់ទីលាន លេងបាល់ទាត់ជាមួយស្នាមញញឹមលើផ្ទៃមុខ រៀបចំ និងរកគ្រាប់បាល់បញ្ចូលទី ជាពិសេសគឺជួយក្រុមឱ្យទទួលបានកៅអីក្នុងពានរង្វាន់ UEFA Champions League"៕