ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមហាផ្ទៃពិនិត្យលទ្ធភាពតែងតាំងស្ត្រីជាអភិបាលរងខេត្ត និងស្រុក ដើម្បីលើកកម្ពស់អាទិភាពស្ត្រីក្នុងការដឹកនាំប្រទេស។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីបានប្រាប់ទៅក្រសួងមហាផ្ទៃថា៖ «ដើម្បីរក្សាភាពសុខុមរមនានៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ ខ្ញុំសូមឱ្យក្រសួងមហាផ្ទៃពិនិត្យលទ្ធភាពក្នុងការរៀបចំតែងតាំងស្ត្រីដែលជាអភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលផ្តល់ឱកាសបម្រើនៅក្នុងមូលដ្ឋានដែលនៅជិតគ្រួសាររបស់គាត់»។
បើតាមសម្តេចធិបតី សម្តេចបានប្រគល់កិច្ចការងារនេះឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្ដិបណ្ឌិត ស សុខា ត្រួតពិនិត្យ និងរៀបចំឱ្យស្ត្រីបានក្លាយជាអភិបាលរងគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌដែលនៅជិតភូមិសាស្ត្រដែលពួកគាត់រស់នៅដើម្បីផ្តល់ភាពងាយស្រួល៕

