សម្ដេចតេជោអរគុណដល់រដ្ឋាភិបាលជប៉ុនដែលយកចិត្តទុកដាក់ជួយដល់និស្សិតកម្ពុជាក្នុងតំបន់រងគ្រោះដោយសារគ្រោះរញ្ជួយដី
ជប៉ុន៖ ក្នុងឱកាសប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន សម្តេចតេជោបានជួបពិភាក្សាការងារជាមួយអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) នារសៀលថ្ងៃទី ១០ ខែមករា ២០២៤ នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះ មហន្តរាយរញ្ជួយដីថ្មីៗនេះនៅប្រទេសជប៉ុន និងឧបទ្ទវហេតុនៃការប៉ះទង្គិចយន្តហោះ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។
សម្តេចតេជោក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានជួយយកចិត្តទុកដាក់ដល់ សុខទុក្ខនិងសុវត្ថិភាពរបស់និស្សិត កម្មសិក្សាការី និងពលករកម្ពុជា ដែលកំពុងសិក្សា និងធ្វើការនៅតំបន់រងគ្រោះដោយសារការរញ្ជួយផែនដីផងដែរ។
លោក កូមួរ៉ា ម៉ាសាហ៊ិកូ បានរំលឹកដល់អនុស្សាវរីយល្អៗកាលពីអតីតកាលក្នុងនាមមិត្តភក្តិចាស់ ជាពិសេសក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព ការចូលរួមចំណែករបស់ជប៉ុនក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ (SNC) និងដំណើរការស្តារប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីសង្រ្គាមស៊ីវិលជាដើម។ ក្នុងនោះលោកបានសំដែងនូវការកោតសរសើរចំពោះតួនាទីស្នូលរបស់សម្តេចតេជោ ក្នុងការសម្រេចបាននូវសន្តិភាពពេញលេញក្នុងដំណាក់កាលបន្តបន្ទាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងការការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន មកទល់សព្វថ្ងៃនេះ។
ទន្ទឹមនេះ លោកបានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោ និងលោកអតីតរដ្ឋមន្ត្រីការបរទេស ក៏បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដែលក្នុងនោះមានទាំងស្ថានការណ៍នៅមីយ៉ាន់ម៉ាផងដែរ៕