នគរបាលខេត្តព្រៃវែងបំបែកសំណុំរឿងករណីឃាតកម្មដែលក្រុមក្មេងទំនើងគប់កញ្ចក់ឡាន បណ្ដាលឱ្យអ្នកបើកបរស្លាប់
ព្រៃវែង៖ នគរបាលខេត្តព្រៃវែង សហការគ្នាចុះស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា រហូតចាប់ឃាត់ខ្លួនក្រុមជនដៃដល់គប់កញ្ចក់រថយន្តកុងតឺន័រ បណ្ដាលឱ្យរេចង្កូតធ្លាក់ប្រឡាយស្លាប់បាត់បង់ជីវិត យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។
បន្ទាប់ពីដាក់ការសង្ស័យ ស្នងការនគរបាលខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន បានបង្កើតក្រុមចុះស្រាវជ្រាវស៊ើបអង្កេត ករណីនេះចំនួន ៣ក្រុម បើកការស៊ើបអង្កេត ស្រាវជ្រាវករណីនេះ មិនដកដៃឡើយ រហូតដល់ភូមិសាស្ត្រស្រុកបាភ្នំ និងបានហៅជនសង្ស័យជាច្រើននាក់មកបំភ្លឺ ប៉ុន្តែមិនមានតម្រុយជាប់ពាក់ព័ន្ធនឹងករណីនេះឡើយ ។
សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធនឹងករណីគប់កញ្ចក់ឡានខាងលើ បន្ទាប់ពីបើកស៊ើបអង្កេតស្រាវជ្រាវ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនឈ្មោះ ទូច ចិន ភេទប្រុស អាយុ ២១ឆ្នាំ ដែលជាជនដៃដល់ នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ធ្វើសកម្មភាពគប់កញ្ចក់រថយន្ត បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរស្លាប់បាត់បង់ជីវិត។
កម្លាំងជំនាញបានធ្វើការសួរនាំជនសង្ស័យអស់រយៈពេល ២ថ្ងៃ ទើបជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើរថយន្តកុងតឺន័រ ដែលបើកបរដោយជនរងគ្រោះខាងលើ បណ្ដាលឱ្យស្លាប់ពិតប្រាកដមែន និងបានសហការប្រាប់ពីអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួករបស់ខ្លួន។
ក្រោយពីទទួលបានចម្លើយសារភាពរបស់សង្ស័យខាងលើ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច បន្តចុះស្រាវជ្រាវស្វែងរកជនសង្ស័យម្នាក់ទៀត ដោយពន្លាតសមត្ថកិច្ចដែនដីរហូតដល់ខេត្តព្រះសីហនុ និងបន្តដល់រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះ នូ ដារ៉ា ហៅតាក់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃផ្ចិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ខាងលើ បានសារភាពថា បន្ទាប់ពីពួកគេចេញហូបអីនៅគល់ស្ពានអ្នកលឿង ដើម្បីត្រឡប់ទៅផ្ទះ ពួកគេបានរើសដុំឥដ្ឋ និងដាវជាប់នឹងម៉ូតូស្រាប់ ដើម្បីត្រៀមការពារខ្លួនក្រែងជួបពួកសត្រូវរបស់ពួកគេនៅម្តុំផ្សារកំពង់សឹង ស្រាប់តែដល់កន្លែងកើតហេតុ ពួកគេក៏ជួបឡានបើបរបញ្ច្រាសទិសគ្នាបើកភ្លើងហ្វាចាំងភ្នែកពួកគេពេកក៏ខឹង រួចយកដុំថ្មជាប់នឹងម៉ូតូគប់ទៅលើរថយន្តនោះ ដើម្បីជាការព្រមាន មិនមានបំណងចង់ឱ្យម្ចាស់រថយន្តស្លាប់នោះទេ ប៉ុន្តែសកម្មភាពរបស់ពួកគេ បានបណ្ដាលឱ្យអ្នកបើកបររថយន្តស្លាប់បាត់បង់ជីវិត។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ហើយត្រូវចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មានករណី រថយន្តបើករេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យអ្នកបើកបរស្លាប់បាត់បង់ជីវិត កើតឡើងនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេតស្រាវជ្រាវ រួចដាក់ការសង្ស័យថាករណីនេះអាចមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ទេ គឺអាចជាករណីគប់កញ្ចក់រថយន្ត៕