ភ្នំពេញ៖ ១សប្តាហ៍ដើមឆ្នាំ២០២៤នេះ អាជ្ញាធរឃាត់ខ្លួនជនសង្ស័យចំនួន ៧៥នាក់ លើមុខសញ្ញាព្រហ្មទណ្ឌចំនួន ៥៩ករណីដែលកើតឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ សរសេរនៅក្នុងគណនីរបស់លោកកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង ៥៩ករណីដែលបង្ក្រាបបាន មានករណីលួចចំនួន ២១ករណី អំពើហិង្សា ១៧ករណី លួចមានស្ថានទម្ងន់ទោស (ប្លន់) ៣ករណី រំលោភសេពសន្ថវៈ៣ករណី ឆក់មាន ២ករណី និងក្រៅពីនេះ ឆបោក ប្រើប្រាស់អាវុធខុសច្បាប់ ឃាតកម្ម និងបំពានផ្លូវភេទកើតឡើង ១ករណីប៉ុណ្ណោះនៅទូទាំងប្រទេស។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបង្រ្កាបល្បែងស៊ីសងសរុបបាន ២០ទីតាំង នៅ ៨រាជធានី ខេត្ត ក្រុង ដោយឃាត់ខ្លួនជនសង្ស័យ២៣នាក់បញ្ជូនទៅតុលាការ។ ក្រៅពីនេះក៏មាន វិធានការរដ្ឋបាលចំនួន ៩ករណី ដែលមានជនសង្ស័យសរុបចំនួន ៩នាក់ត្រូវបានចាត់វិធានការតាមវិធានរដ្ឋបាល គឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់។
អ្នកនាំពាក្យរងបានបន្តថា សមត្ថកិច្ចនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ដើម្បីបង្ការ និងបង្ក្រាបបទល្មើសទាំងឡាយ ជាពិសេសបទល្មើសដែលពាក់ព័ន្ធនឹងទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដោយលោកតែងតែក្រើនរម្លឹកជារឿយៗ ដល់ស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ បានរៀបរាប់ដូច្នេះថា៖ «ដើម្បីធានាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ និងការអនុវត្តវិធានការ ប្រកបដោយសង្គតិភាព តាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និងផ្ដល់អនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានកំណត់វិធានការយ៉ាងយកចិត្តទុកដាក់បំផុត ពិសេសការដាក់ទិសដៅអាទិភាពយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយទទួលខុសត្រូវ លើការចាត់វិធានការប្រឆាំងបទល្មើសនានាឲ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ»៕