លោក យ៉ង សាំងកុមារ៖ ក្រសួងកសិកម្មនឹងរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ៨០០នាក់បន្ថែមទៀតនៅឆ្នាំនេះ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានថ្លែងឱ្យដឹងថា នាខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងកសិកម្មនឹងជ្រើសរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន៨០០នាក់បន្ថែមទៀត ហើយគ្រោងនឹងជ្រើសរើសឱ្យបង្គ្រប់ចំនួន ១ ៦០០នាក់នៅដើមឆ្នាំ២០២៥។
លោក យ៉ង សាំងកុមារ បានថ្លែងតាមរយៈវីដេអូ ៦នាទី នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ថាតាមគោលការណ៍របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះមានមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ២៥០រូប គ្រោងនឹងដាក់ពង្រាយនៅតាមឃុំសង្កាត់នៃខេត្តចំនួន១៧ ដែលមានសក្តានុពលផ្នែកដំណាំស្រូវ ដូចជាខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម តាកែវ ព្រៃវែង ស្វាយរៀង ព្រះវិហារ និងមណ្ឌលគីរី ជាដើម។
រដ្ឋលេខាធិការក្រសួងកសិកម្ម បញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងនឹងមានការបណ្តុះបណ្តាលលើមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ២៥០រូប ចំនួន ១ខែ ហើយចាប់ពីខែមីនា ក្រសួងនឹងដាក់ពង្រាយមន្ត្រីទាំងនោះចុះទៅអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ ខណៈក្រសួងនឹងបន្តបណ្តុះបណ្តាលពួកគាត់ជាប្រចាំខែផងដែរ។
បើតាមលោក យ៉ង សាំងកុមារ ក្រសួងនឹងបណ្តុះបណ្តាលពួកគេលើការងាររបស់ក្រសួងកសិកម្ម របៀបផ្សព្វផ្សាយ របៀបធ្វើការជាមួយកសិករ របៀបប្រមូលព័ត៌មាន ទន្និន័យទាក់ទងនឹងកសិកម្ម។ ជាមួយគ្នានេះក្រសួងនឹងបណ្តុះបណ្តាលលើបច្ចេកទេសដាំដុះ ការចិញ្ចឹមសត្វ និងវេរីវប្បកម្ម។
លោក យ៉ង សាំងកុមារ ថ្លែងថា៖ «ជារួមមន្ត្រីកសិកម្មឃុំសង្កាត់ហ្នឹង គាត់មានតួនាទីសម្របសម្រួលច្រើនជាងជាអ្នកជំនាញបច្ចេកទេស ពីព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់យើង គឺយើងរៀបចំឱ្យមានពហុជំនាញ ដែលក្លាយជាគ្រូបណ្តុះបណ្តាល ឬក្លាយជាអ្នកផ្តល់បច្ចេកទេសបន្ថែម»។
លោករដ្ឋលេខាធិការក្រសួងបញ្ជាក់ថា មន្ត្រីកសិកម្មឃុំសង្កាត់ មានតួនាទីផ្តល់ភាពកក់ក្តៅដល់ប្រជាកសិករ ដោយពួកគេមានតួនាទីជាអ្នកកំណត់នូវបញ្ហា និងតម្រូវការរបស់ប្រជាកសិករ លើកជាបញ្ហាដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័នជំនាញ សម្របសម្រួលគាំទ្រដល់កសិករក្នុងការផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារ ក្នុងការកសាងសង្វាក់ផលិតកម្ម។
លោក យ៉ង សាំងកុមារ បញ្ជាក់ថា មន្ត្រីកសិកម្មឃុំសង្កាត់ នឹងក្លាយជាមន្ត្រីដែលចូលរួមជំរុញដើម្បីឱ្យប្រជាកសិករបង្កើននូវផលិតកម្ម និងប្រាក់ចំណូល៕