រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

រដ្ឋមន្រ្តីការបរទេសអាមេរិក នាំយកសាផ្តាំផ្ញើរបស់សម្ព័ន្ធមិត្តអារ៉ាប់ទៅកាន់មេដឹកនាំអ៊ីស្រាអែល

ពិភពលោក៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូននី ប្ល៊ីងខេន (Antony Blinken) ក្នុងបេសកកម្មចុងក្រោយរបស់លោកដើម្បីទប់ទល់នឹងបញ្ហាសង្គ្រាមដែលកំពុងកើតមាននៅតំបន់ហ្គាហ្សា បានប្រាប់ទៅកាន់មេដឹកនាំរបស់អ៉ីស្រាអែលថា រដ្ឋនៃជនជាតិជ្វីហនេះនឹងនៅតែអាចមានការទទួលស្គាល់ដោយបណ្ដាប្រទេសអារ៉ាប់ជុំវិញខ្លួន ប្រសិនបើអ៉ីស្រាអែលនៅតែបន្សល់ទុកផ្លូវល្អប្រសើរណាមួយសម្រាប់ប៉ាឡេស្ទីន។ 

រាប់ចាប់តាំងពីខែតុលាមក នេះគឺជាដំណើរលើកទី៤ របស់រដ្ឋមន្រ្តីការបរទេសអាមេរិកទៅកាន់តំបន់ពោរពេញដោយវិបត្តិសង្គ្រាមរ៉ាំរ៉ៃនេះ ក៏ប៉ុន្តែការខិតខំប្រឹងប្រែងហាក់មិនមានផ្លែផ្កាល្អប្រសើរណាមួយសោះ លោក Blinken និយាយថា លោកនឹងចែករំលែកនូវអ្វីដែលលោកទទួលបានក្នុងអំឡុងទស្សនកិច្ចជាមួយបណ្ដាប្រទេសអារ៉ាប់នានារួមមាន ហ្សកដានី, កាតា, អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាអាទិ៍។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Blinken បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊៊ូ (Benjamin Netanyahu) មុននឹងបន្តជួបជជែកជាមួយសមាជិកនៃគណៈរដ្ឋមន្ត្រីសង្គ្រាមដែលបានបង្កើតឡើងបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី០៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលអ៉ីស្រាអែលបាននិយាយអះអាងថាបានសម្លាប់មនុស្សប្រមាណ ១,២០០នាក់។

ឆ្លើយតបនឹងការវាយប្រហារនេះ អ៉ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការសងសឹករបស់ខ្លួន និងសម្លាប់មនុស្សប្រមាណជា ២៣,០០០នាក់ ព្រមទាំងបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានបង្ខំផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាប្រមាណជា ២,៣លាននាក់ដោយបង្កើតឱ្យមានវិបត្តិមនុស្សធម៌យ៉ាងខ្លាំង និងស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ កន្លងមក លោក Blinken ធ្លាប់បាននិយាយថា លោកនឹងដាក់សម្ពាធក្នុងលក្ខខណ្ឌចាំបាច់ណាមួយទៅលើអ៉ីស្រាអែល ដើម្បីអាចការពារប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា និងដើម្បីអាចឱ្យអង្គការនាំយកជំនួយមនុស្សធម៌៌ចូលទៅចែកឱ្យប្រជាជនក្នុងតំបន់នោះបាន។ 

ក្នុងនោះផងដែរ ប្រភពមួយចំនួនបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក៏ធ្លាប់បានបញ្ចុះបញ្ចូលឱ្យអ៉ីស្រាអែលធ្វើការដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់មួយចំនួនផងដែរ។ បើតាមប្រភពព័ត៌មានឱ្យដឹងថា កិច្ចប្រជុំរបស់លោក Blinken នៅអ៉ីស្រាអែល និងប្រទេសអារ៉ាប់ពេលនេះ ធ្វើឡើងក្នុងគោលបំណងផ្តោតទៅលើការស្វែងរកវិធីសាស្រ្តយូរអង្វែងណាមួយចំពោះជម្លោះអ៉ីស្រាអែល និងប៉ាឡេស្ទីនដែលមានអាយុកាលរាប់សិបទសវត្សរ៍មកហើយ ដែលជាផ្នែកនៃផ្លូវឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅ Gaza។ បន្ទាប់ពីកិច្ចប្រជុំរបស់លោក Blinken ជាមួយសម្ព័ន្ធមិត្តអារ៉ាប់បញ្ចប់ លោកបាននិយាយថា ពួកគេ (បណ្តាសម្ព័ន្ធមិត្តអារ៉ាប់) ចង់ធ្វើសមាហរណកម្មជាមួយអ៉ីស្រាអែល ក៏ប៉ុន្តែកិច្ចការនេះអាចធ្វើទៅបាន លុះត្រាតែអ៉ីស្រាអែលមិនបិទផ្លូវរបស់រដ្ឋប៉ាឡេស្ទីន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក