ពិភពលោក៖ កម្មវិធីតាមដាន និងឃ្លាំមើលបម្រែបម្រួលអាកាសធាតុនៃសហភាពអឺរ៉ុប (Copernicus Climate Change Service “C3S”) បានឱ្យដឹងថា ឆ្នាំ២០២៣កន្លងទៅគឺជាឆ្នាំដែលមានកំណត់ត្រាក្ដៅបំផុតមិនធ្លាប់មាន ហើយទំនងជាក្ដៅបំផុតនៅលើប្រវត្តិសាស្រ្តផែនដីរយៈពេលប្រមាណជា ១០០,០០០ឆ្នាំចុងក្រោយ។ អ្នកវិទ្យាសាស្ត្របានរំពឹងទុកមុនរួចមកហើយថា កំណត់ត្រាអាកាសធាតុក្ដៅបំផុតនេះនឹងកើតមាន ក្រោយពីផែនដីបានបំបែកកំណត់ត្រាអាកាសក្ដៅខ្លាំងរបស់ខ្លួនម្តងហើយម្តងទៀតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មករៀងរាល់ខែ ដែលជាខែដែលក្តៅបំផុតរបស់ពិភពលោក ហើយអាកាសធាតុនេះគឺមានភាពខ្ពស់ជាងកំណត់ត្រាធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០២២។
C3S បានបញ្ជាក់ថាឆ្នាំ២០២៣ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាសីតុណ្ហភាពសកលដូចគ្នាទៅនឹងកំណត់ត្រាកាលពីឆ្នាំ១៨៥។ ជាមធ្យមនៅឆ្នាំ២០២៣ ភពផែនដីមានកំដៅក្ដៅខ្លាំងជាង ១.៤៨អង្សាសេ ពោលគឺក្ដៅជាងសម័យកាលនៃឧស្សាហកម្មឆ្នាំ ១៨៥០-១៩០០ ពោលគឺនៅគ្រាដែលមនុស្សបានចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីលជាច្រើនតាមខ្នាត និងកម្រិតនៃឧស្សាហកម្ម ដោយបំភាយឧស្ម័នកាបូនឌីអុកស៊ីតខ្ពស់ខ្លាំងទៅក្នុងបរិយាកាស។
គួរបញ្ជាក់ថា បណ្ដាប្រទេសនានាបានឯកភាពព្រមព្រៀងគ្នាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីព្យាយាមទប់ស្កាត់ការឡើងកំដៅផែនដីមិនឱ្យឡើងលើសពី ១.៥ អង្សាសេ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរបំផុតដែលអាចកើតមាននាពលអនាគត។ មកទល់ពេលនេះ ពិភពលោកមិនទាន់ឈានឡើងផុតកម្រិតដែលកំណត់ ១.៥អង្សារសេនេះនៅឡើយទេ ប៉ុន្តែបើតាមប្រភពពី C3S កម្រិតពិដានដែលកំណត់នេះត្រូវបានឈានហួសទៅហើយ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដែលជាគំរូមិនល្អមួយសម្រាប់ផែនដី៕