ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍បូកសរុបលទ្ធផលការងារវិស័យជលផលក្នុងឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ បង្ហាញថា ក្នុងឆ្នាំ២០២៣ រដ្ឋបាលជលផល បង្រ្កាបបទល្មើសជលផលសរុបបានជាង ៣ពាន់ករណី ប្រៀបធៀបឆ្នាំ២០២២ កើនឡើងជាង ២០០ករណី។
របាយការណ៍បូកសរុបលទ្ធផលការងារវិស័យជលផលក្នុងឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ ចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការងារបង្ក្រាបបទល្មើសជលផលបានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៣ ០៥៤ករណ៍ (សមុទ្រ ១៩៧ករណី) បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើង ចំនួន ២៧៦ករណី។
ក្នុងឆ្នាំ២០២៣ រដ្ឋបាលជលផល បានបំផ្លាញចោលវត្ថុតាង ២ ៨៤៩ករណី ក្នុងនោះមាន របាំងស្បៃមុង និងសាច់អួនប្រវែង ១ ៣០០ ៥៣៦ម៉ែត្រ លប លូស្បៃមុង និងលូសាច់អួន ១៨ ៣៧៦មាត់ បង្គោល ឬចម្រឹង ៥៤៩ ៧៨៦ដើម អួនអូសទឹកសាបរួមផ្សំឆក់ត្រជាក់ ១៣វង់ ឈិបយន្ត ១៨គ្រឿង អួនហ៊ឹម ១៧វង់ ឧបករណ៍ឆក់ត្រី ៥១៥គ្រឿង ប្រើសាច់អួនត្រងចាប់ត្រីរួមផ្សំភ្លើង (ឈ្លក់) ១១១វង់ សម្រាស់ទំហំ ៦២ ៣៩៨ម៉ែត្រក្រឡា មងរាយនិងមងស្អាតប្រវែង ១៩៩ ៦២៧ម៉ែត្រ និងលបកែច្នៃឬលបកន្ទុយកណ្តុរ ៩ ១៥៨គ្រឿង។
ជាមួយគ្នានេះ រដ្ឋបាលជលផលក៏បាន លែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ ៤៦ ៤៤៧គីឡូក្រាម និងពិន័យអន្តរការណ៍ ១១៣ករណី ស្មើនឹង ៤១០ ៥៣៨ ៥០០រៀល ព្រមទាំងបញ្ជូនសំណុំរឿងទៅតុលាការ ៩២ករណី ដោយបញ្ជូនជនសង្ស័យ ៦២នាក់ និងជាប់ពន្ធនាគារ ៣៨នាក់។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងទិសដៅឆ្នាំ២០២៤ រដ្ឋបាលផលផលមានគោលដៅសម្រេចឱ្យបានផលនេសាទទឹកសាប ៤៥៤ ០០០តោន សមុទ្រ ១៣០ ០០០តោន វារីវប្បកម្ម ៣៥០ ០០០តោន កូនត្រីពូជ ៣០០ ០០០ ០០០កូន ក្រពើ ៣០០ ០០០ក្បាល ការកែច្នៃ ៧០ ០០០តោន ទឹកត្រី ៥០ ០០០ ០០០លីត្រ និងការនាំចេញផល ផលិតផលជលផល ៨ ០០០តោន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សន្និដ្ឋានថា ការគ្រប់គ្រងធនធានជលផលទទួលបានលទ្ធផលជាវិជ្ជមាន ហើយការអនុវត្តវារីវប្បកម្មកំពុងត្រូវបានជំរុញ បន្ថែម ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនផលវារីវប្បកម្ម និងកាត់បន្ថយ ការនាំចូល។
ទន្ទឹមនេះ ក្រសួងកសិកម្មបានបញ្ជាក់ថា នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដូចជា ការបង្ក្រាបបទល្មើសជលផល ការអភិរក្សធនធាន ផលផល ការអភិវឌ្ឍវារីវប្បកម្ម ការពង្រឹងសមត្ថភាពសហគមន៍នេសាទ ការគ្រប់គ្រងព្រៃលិចទឹកនិងព្រៃកោងកាង ការជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលផល និងការស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្រ្តផលផល ដែលរដ្ឋបាលផលផល ត្រូវរកវិធីសាស្រ្តនិងយន្តការសម្រាប់អនុវត្តក្នុងការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព៕