ភ្នំពេញ៖ ប្រធានអង្គការ Japan Mine Action Service_JMAS ប្រចាំកម្ពុជា លោក KARUBE Masakazu បានបញ្ជាក់ថា អង្គការ JMAS នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាដើម្បីសម្រេចបានគោលដៅកម្ពុជាអស់មីននៅឆ្នាំ២០២៥ ខាងមុខនេះ។
ការថ្លែងឱ្យដឹងរបស់លោក KARUBE Masakazu ធ្វើឡើងនៅក្នុងជំនួបជាមួយនឹងអនុប្រធានទី១ អាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។
ទេសរដ្ឋមន្រ្តី លី ធុជ បានចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបាត់បង់អាយុជីវិត និងទទួលរងគ្រោះថ្នាក់ក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រយៈពេលជាង ៣០ឆ្នាំ ក្នុងនោះអង្គការ JMAS បានចូលរួមចាប់តាំងពីឆ្នាំ២០០២ និងបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានប្រមាណជាង ១៧គីឡូម៉ែត្រក្រឡា រួមជាមួយការចូលរួមអភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តស្ទឹងត្រែង។
អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងដូច្នេះថា៖ «ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន»។
ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាសកម្មភាពមីន គឺជាកិច្ចការចំាំបាច់ក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលលទ្ធផលនេះបាន ពីការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងនោះប្រទេសជប៉ុនគឹជាដៃគូមួយយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន។
លោក KARUBE Masakazu បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ចំពោះការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌របស់អង្គការ JMAS នៅកម្ពុជា ក្រោមភាពជាដៃគូរជាមួយមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា។
លោកបានបន្តថា អង្គការ JMAS នឹងបន្តចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជាបានសម្រេចនូវគោលដៅរបស់ខ្លួន។
គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងដោះស្រាយបញ្ហាមីនឱ្យអស់នៅត្រឹម២០២៥ ដោយបោសសំអាតក្នុងទំហំដីមានមីនប្រមាណ ៦៤៨គីឡូម៉ែត្រក្រឡា ហើយសង្ឃឹមថា ក្រោយឆ្នាំ២០២៥ នឹងគ្មាននរណាម្នាក់រងគ្រោះថ្នាក់ដោយសារបញ្ហាមីន។ ដើម្បីសម្រេចគោលដៅសូន្យមីនឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការចូលរួមគាំទ្រពីបណ្តាប្រទេសជាដៃគូ៕