ហូឡង់៖ ប្រទេសអ៉ីស្រាអែល និងអាហ្វ្រិកខាងត្បូង នឹងត្រូវប្រឈមមុខគ្នាតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី១១ ខែមករាខាងមុខ បន្ទាប់ពីទីក្រុង ព្រីតូរៀ (Pretoria) របស់អាហ្វ្រិកខាងត្បូង បានចោទប្រកាន់អ៉ីស្រាអែលពី "អំពើប្រល័យពូជសាសន៍" នៅតំបន់ហ្គាហ្សា ខណៈដែលការចោទប្រកាន់នេះត្រូវបានអ៉ីស្រាអែលច្រានចោល និងហៅវាថាជាការប្រមាថលើជាតិសាសន៍។
នៅក្នុងឯកសារដែលមានកម្រាស់ ៨៤ ទំព័រដែលត្រូវបានដាក់ជូនតុលាការយុត្តិធម៌៌អន្តរជាតិ (ICJ) អាហ្វ្រិកខាងត្បូងបានជំរុញឱ្យចៅក្រមបង្គាប់ឱ្យអ៉ីស្រាអែល"ផ្អាកប្រតិបត្តិការយោធារបស់ខ្លួនជាបន្ទាន់" នៅក្នុងតំបន់ហ្គាហ្សា។ អាហ្រ្វិកខាងត្បូងបានចោទប្រកាន់ថាអ៉ីស្រាអែលថា "បានចូលរួម, និងកំពុងចូលរួម ព្រមទាំងបង្កហានិភ័យបន្ថែមទៀត" ក្នុងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។
អ៉ីស្រាអែលបានវាយបកយ៉ាងខឹងសម្បារចំពោះការចោទប្រកាន់នេះ ដោយអ្នកនាំពាក្យរដ្ឋាភិបាល លោក អីលុន ឡេវី (Eylon Levy) បានប្តេជ្ញាប្រឆាំងនឹងករណីចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងដែលលោកបានពណ៌នាថាជា «ការប្រមាថដែលមិនសមហេតុផល»។ លោក Levy ថ្លែងថា៖ "ពិតជាសោកនាដកម្មណាស់ ដែលប្រជាជាតិ (អាហ្វ្រិកខាងត្បូង) មានមោទនភាពលើការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ នឹងត្រូវប្រយុទ្ធប្រឆាំងទល់នឹងការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិជ្វីហ្វទៅវិញ"។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែលថ្លែងថា៖ "ទេ (អាហ្វ្រិកខាងត្បូង)! មិនមែនយើងជាអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប៉ុន្តែគឺក្រុមហាម៉ាស"។
មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរនឹងប្រឈមមុខគ្នានៅក្នុងសាលសវនាការតុលាការយុត្តិធម៌៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ។ គួរឱ្យដឹងថា ជាការឆ្លើយតបនឹងការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា អ៉ីស្រាអែលបានសងសឹកវិញក្នុងយុទ្ធនាការទ្រង់ទ្រាយធំលើតំបន់ហ្គាហ្សាដែលអ៉ីស្រាអែលយល់ថាគឺជាដែនដីលាក់ខ្លួន និងប្រតិបត្តិការរបស់ខ្លួនក្រុមសកម្មប្រយុទ្ធហាម៉ាស។ ការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅអ៉ីស្រាអែល បានសម្លាប់មនុស្សប្រមាណជា ១,១៤០នាក់ ខណៈប្រតិបត្តិការរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សាវិញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២,៧២២នាក់ទៅហើយមកដល់បច្ចុប្បន្ន៕