ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

«គងរ៉េង» ឧបករណ៍តន្រ្តី បុរាណរបស់ជនជាតិដើមភាគតិចព្នង

មណ្ឌលគីរី៖ គងរ៉េង ឬចាប៉ីឃ្លោក ជាឧបករណ៍តន្រ្តី បុរាណរបស់ជនជាតិដើមភាគតិចព្នង ដែលធ្វើអំពីឬស្សី និង ឃ្លោក។ ឧបករណ៍នេះមាននៅខេត្តរតនគីរីដែរ ទំពួនហៅថា «ហ្គងរីង» ឯគ្រឹង និងព្រៅ ហៅថា «ជីងរៀង»។

គងរ៉េង គឺជាឧបករណ៍ភ្លេងមួយបែបដែលផលិតអំពី ឬស្សី និងឃ្លោក ហើយមានខ្សែ៦។ ការផលិតមាន ២ប្រភេទគឺ អាចត្រូវបានផលិតពីឬស្សីស្រុក និងអាចត្រូវបានផលិតពីឬស្សីពក ប្រវែង ៥០សង់ទីម៉ែត្រ និងខ្សែលួសប្រវែង ៤០សង់ទីម៉ែត្រ និងត្រឡោកឃ្លោកទុំ។

គងរ៉េងអាចប្រគុំ ឬលេងតែម្នាក់ឯងបានដោយមិនចាំបាច់មានមនុស្សច្រើនដូចឧបករណ៍ភ្លេងផ្សេងៗនោះទេ និងអាចប្រគុំលាយ ជាមួយឧបករណ៍ រ៉ាណ្តូម (ខ្លុយ) និងចម្រៀងតេតតាវេវរបស់ជនជាតិដើមដែរ ប្រសិនជាមានអ្នកលេង និងច្រៀងជាមួយបាន។

គងរ៉េងអាចយកមកលេង ឬប្រគុំ បានគ្រប់ពេលដោយមិនប្រកាន់ពេល ឬទីកន្លែងនោះទេ។ នៅពេលយើងយកវាទៅលេងឬប្រគុំ គឺយើងមិនចាំបាច់សែនព្រេនឱ្យឧបករណ៍នេះទេ។

ឧបករណ៍តន្រ្តី គងរ៉េង ត្រូវបានប្រគុំ ឬលេង សម្រាប់បំពេរកូនចៅមុនពេលចូលដេក ឬនៅពេលទំនេរពីការងារដើម្បីជាការកម្សាន្តអារម្មណ៍ ពេលចាំចម្ការ ទៅកម្សាន្តលេងក្នុងព្រៃ និងសម្រាប់និយាយក្នុងន័យជាពាក្យប្រស្នា អ្វីមួយពេលនៅក្នុងកម្មវិធីពិសារស្រា។

ឧបករណ៍តន្រ្តី បុរាណរបស់ជនជាតិដើមភាគតិចព្នង គងរ៉េង នេះអាចប្រគុំបាន ២បទគឺ តេតតាវេវ និងតាលំ។

យោងតាមបទយកការណ៍ពី ការអភិរក្ស និងសង្រ្គោះបេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគីរី របស់ក្រសួងព័ត៌មានឱ្យដឹងថា ឧបករណ៍នេះកំពុងតែប្រឈមនឹងការបាត់បង់។ ដើម្បីអភិរក្ស មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានបណ្តុះបណ្តាល ដល់ជនជាតិដើមភាគតិចព្នងរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីក្លាយជាអ្នកបន្តវេន ដោយហេតុថាជំនាញផ្នែកលេង និងធ្វើឧបករណ៍ភ្លេងគងរ៉េងនៅក្នុងខេត្តមណ្ឌលគិរីមិនសូវមានច្រើននោះទេ។

សម្រាប់សាធារណជន ដែលចង់ស្គាល់ និងឃើញការប្រគុំលេងឧបករណ៍តន្រ្តី គងរ៉េង នេះអាចធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី ជាពិសេសរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា ដែលមានជនជាតិដើមភាគតិចប្រគុំភ្លេង នៅច្រកផ្លូវចូលរមណីយដ្ឋាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក