ប៊ូតង់៖ ព្រះរាជាណាចក្រប៊ូតង់បានចាប់ផ្តើមដំណើរការបោះឆ្នោតជាតិនៅថ្ងៃអង្គារនេះ នៅក្នុងបរិយាកាសនៃការបោះឆ្នោតដ៏ល្អមួយដែលគណបក្សចូលរួមក្នុងការប្រកួតប្រជែងប្តេជ្ញាថានឹងដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយចោទជាសំណួរអំពីគោលនយោបាយយូរអង្វែងរបស់ខ្លួនក្នុងការផ្តល់អាទិភាពដល់ "សុភមង្គលជាតិសរុប"។
គណបក្សចំនួនពីរដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតបានប្តេជ្ញាចិត្តចំពោះទស្សនវិជ្ជាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាល ដែលវាស់វែងភាពជោគជ័យរបស់ខ្លួនដោយ "សុភមង្គល និងសុខុមាលភាពរបស់ប្រជាជន"។ មនុស្សម្នាជាច្រើនបានចាកចេញទៅកាន់មណ្ឌលបោះឆ្នោត ដោយប្រទេសគ្មានជាប់ដែនសមុទ្រមួយនេះមានអ្នកពេញសិទ្ធិបោះឆ្នោតប្រមាណជា ៨០០,០០០នាក់ ដែលជាចំនួនប្រហាក់ប្រហែលទៅនឹងប្រទេសស្វីស។
ស្ថិតក្នុងស្ថានភាពខ្យល់អាកាសដ៏ត្រជាក់នាព្រឹកព្រលឹម មានតែអ្នកបោះឆ្នោតពីរបីនាក់ប៉ុណ្ណោះដែលបានតម្រង់ជួរនៅពេលដែលការបោះឆ្នោតបានបើកនៅក្នុងរដ្ឋធានី ធីមភូ (Thimphu)។ មណ្ឌលបោះឆ្នោតនឹងបន្តបើករហូតដល់ល្ងាចម៉ោង ៥ នៃថ្ងៃអង្គារនេះ ខណៈលទ្ធផលត្រូវគេរំពឹងថាអាចនឹងប្រកាសនៅថ្ងៃស្អែកនេះ។
បញ្ហាប្រឈមដែលកំពុងស្ថិតក្នុងផែនការដោះស្រាយរបស់ជាតិ គឺការប្រឈមដោះស្រាយទៅលើស្ថានភាពយុវជនជំនាន់ក្រោយរបស់ប្រទេស ដែលភាគច្រើនកំពុងប្រឈមអត្រាគ្មានការងារធ្វើខ្ពស់។ យោងតាមរបាយការណ៍ពីធនាគារពិភពលោកបានឱ្យដឹងថា អត្រាគ្មានការងារធ្វើនៃយុវជនរបស់ប្រទេសប៊ូតង់មានរហូតដល់ទៅ ២៩ភាគរយ ខណៈពេលដែលកំណើនសេដ្ឋកិច្ចបានកើនឡើងជាមធ្យម ១.៧% ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
ពលរដ្ឋវ័យក្មេងរបស់ប៊ូតង់ភាគច្រើនបានសម្រុកទៅស្វែងរកឱកាសល្អប្រសើរផ្នែកហិរញ្ញវត្ថុ និងការអប់រំរបស់ខ្លួននៅឯក្រៅប្រទេស ជាមួយតួលេខដ៏ខ្ពស់បំផុតមួយចាប់តាំងពីការបោះឆ្នោតអាណត្តិមុនបន្តរហូតមក ខណៈគោលដៅនៃការចាកចេញទៅក្រៅប្រទេសនៃប្រជាជនវ័យក្មេងប៊ូតង់ភាគច្រើនគឺអូស្រ្តាលី។ យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ប្រជាជនប៊ូតង់ប្រមាណជា ១៥,០០០នាក់បានទទួលទិដ្ឋាការចាកចេញពីប្រទេស គិតត្រឹមរយៈពេល ១២ខែចុងក្រោយ ដែលជាចំនួនច្រើនបំផុតស្មើនឹងជិត ២ភាគរយនៃប្រជាជនសរុប។ បញ្ហានេះគឺជាចំណុចកណ្តាលរួមសម្រាប់គណបក្សទាំងពីរដែលប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០២៤នេះ៕