ភ្នំពេញ៖ គិតត្រឹម ១សប្តាហ៍ដើមឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៥៧លើក ដោយមានមនុស្សចំនួន ២២នាក់បានស្លាប់ និងរបួស ៧៧នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដែលបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុកនាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមហតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺភាគច្រើនកើតឡើងទៅលើអ្នកប្រើប្រាស់ម៉ូតូ ហើយគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលើសកំណត់ ការបើកបរមិនយោគយល់គ្នា ជាពិសេសបើកបរដោយកង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍។
បើតាមលោក ទូច សុឃៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ បានចាត់ទុកបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ។
ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ស្តីពី«ចរាចរណ៍ផ្លូវគោកថ្មី» ដោយមានការកំណត់នូវប្រភេទនៃបទល្មើសចរាចរណ៍ និងការរឹតបន្តឹងច្បាប់ឱ្យបានកាន់តែល្អប្រសើរ ដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព។
ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងមានការបន្ថែមចំណុចមួយចំនួន ដែលតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន ដោយរាប់បញ្ចូលទាំងអ្នកបើកបរម៉ូតូ ម៉ូតូកង់បី ម៉ូតូសណ្តោង រហូតដល់អ្នកបើកបរគ្រឿងចក្រធំៗ៕